ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានឲ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជាមានការសម្អាតប្រាក់ ១៤០ករណី ហើយមានសំណុំរឿងចំនួន២២ ត្រូវបានបញ្ជូនទៅតុលាការ ដែលចំណុចនេះតិចតួចបំផុត។
លោកបានឲ្យដឹងបែបនេះ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសអង្គភាពប្រឆាំងអំពើពុករលួយ សហការជាមួយក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលាស្តីពី «ការគ្រប់គ្រង ការចាត់ចែង និងការរឹបអូសផលនៃបទល្មើស» នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ឱម យ៉ិនទៀង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គិតត្រឹមខែមិថុនា ឆ្នាំ២០២០ មានករណីសម្អាតប្រាក់ចំនួន ១៤០ករណី បាននិងកំពុងស៉ើបអង្កេត ហើយមានសំណុំរឿងចំនួន២២ ត្រូវបានបញ្ជូនទៅតុលាការ ដោយមានការឃាត់ទុក និងបង្កកទ្រព្យសម្បត្តិមួយចំនួន ដែលនៅក្នុងនោះមានសំណុំរឿងចំនួន៥ បានជំនុំជម្រះហើយ ដែលអាចនឹងមានសាលក្រម/សាលដីកាស្ថាពរ ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីអនុវត្តន៍ការរឹបអូសបាន»។
លោកបានបន្តថា ក្នុងបរិបទនៃការប្រឆាំងអំពើពុករលួយ និងការប្រឆាំងការសម្អាតប្រាក់ កម្ពុជាមានកាតព្វកិច្ចអន្តរជាតិ ដែលត្រូវបំពេញ។ ពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ កម្ពុជាបានទទួលការវាយតម្លៃ ការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ ហើយការទទួលការមកត្រួតពិនិត្យ ដល់ប្រទេសកម្ពុជា របស់អ្នកជំនាញរបស់អង្គការសហប្រជាជាតិ និងប្រទេសចំនួន២ គឺអេស្វានី និងថៃ កាលពីថ្ងៃទី៣០, ៣១ ខែវិច្ឆិកា និង ០១ ខែតុលា ឆ្នាំ២០១៩៕EB