ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន បានថ្លែងថា កម្ពុជាមិនបានខ្វល់នឹងរបាយការណ៍របស់អាមេរិក ដែលដាក់ឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ទាក់ទងនឹងការជួញដូរមនុស្សនោះទេ អ្វីសំខាន់គឺកម្ពុជាខ្លួនឯងខិតខំធ្វើយ៉ាងណាទប់ស្កាត់ និងជួយសង្រ្គោះជនរងគ្រោះដោយសារការជួយដូរនេះឲ្យកាន់តែមានប្រសិទ្ធភាពបំផុត។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពី កិច្ចប្រជុំស្ដីពីការង្រឹងវិធានការសន្ដិសុខ និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃនោះ លោក ឆាយ គឹមឃឿន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការទប់ ស្កាត់ និងជួយសង្រ្គោះជនរងគ្រោះដោយសារការជួញដូរ ហើយនៅក្នុងកិច្ចប្រជុំខាងលើនេះឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានជម្រុញដល់ស្នងការរាជធានីខេត្តទាំងអស់ ត្រូវបង្កើនសកម្មភាពទប់ស្កាត់ និងជួយសង្រ្គោះជនរងគ្រោះដោយសារការជួញដូរនេះឲ្យកាន់ខ្លាំងក្លាបន្ថែមទៀតផងដែរ។

យោងតាមរបាយការណ៍អំពីការងារបង្ក្រាប និងសង្គ្រោះជនរងគ្រោះ សម្រាប់ឆមាសទី១ ឆ្នាំ២០១៩នេះ បានបង្ហាញថា អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត១៩ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ សរុបបាន ៧៨ករណី លើ៦២ករណី (កើនឡើង១៦ករណី ស្មើនឹង២៥%)។

របាយការណ៍បានបញ្ជាក់បន្ថែមថា ក្នុងឆមាសទី១នេះ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ៩៧នាក់ លើ ៨៥នាក់ (កើន១២នាក់ ស្មើនឹង១៤%) ក្នុងនោះស្រី ២២នាក់ អនីតិជន ៩នាក់ ជាជនបរទេស ១៤នាក់ សញ្ជាតិចិន ១២នាក់ និងអាមេរិក ២នាក់។ សង្គ្រោះជនរងគ្រោះ ចំនួន ២៦៣នាក់ (លើ១០៦នាក់) កើន ១៥៧នាក់ ស្មើនឹង ១៤៨% ក្នុងនោះមាន អាយុក្រោម ១៥ឆ្នាំ ៧០នាក់ អាយុ១៥-១៧ឆ្នាំ ៣១នាក់ និងពី ១៨ឆ្នាំឡើង ១៦២នាក់ (ប្រគល់ឲ្យមន្ទីរសង្គមកិច្ច ៧២នាក់ និងប្រគល់ទៅគ្រួសារ១ ៩១នាក់)។

ប្រទេសកម្ពុជាត្រូវបានសហរដ្ឋអាមេរិកចេញរបាយការណ៍វាយតម្លៃឲ្យខ្លួនជាប់ចំណាត់ថ្នាក់លេខ២អស់រយៈពេលបីឆ្នាំជាប់ៗគ្នា ទាក់ទងនិងអំពើជួញដូរមនុស្ស ដោយសហរដ្ឋអាមេរិកលើកឡើងថា មកពីកម្ពុជាមានភាពចន្លោះប្រហោងក្នុងការទប់ស្កាត់ និងបង្រ្កាបជាដើមនោះ។ យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជាលើកឡើងថា របាយការណ៍របស់អាមេរិកនេះធ្វើឡើងមិនមានលក្ខណៈលំអៀង ហើយពុំដែល បានសួរដល់ប្រទេសកម្ពុជាមុងនឹងចេញរបាយការណ៍នេះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងខ្លាំងក្នុងការបង្រ្កាប និងទប់ស្កាត់ការជូញដូរមនុស្សបានយ៉ាងច្រើនជាបន្តបន្ទាប់នោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ