បេក្ខភាពគណៈរដ្ឋមន្ត្រីរបស់ Trump រងការគំរាមដោយគ្រាប់បែក
បរទេស ៖ ទីភ្នាក់ងារស៊ើបការណ៍អាមេរិក ហៅកាត់ FBI បានអះអាងថា បេក្ខភាពគណៈរដ្ឋមន្ត្រី ជាច្រើនរូបរបស់លោក Donald Trump ប្រធានាធិបតីថ្មី និងក្រុមមន្ត្រីសេតវិមានត្រូវបានកំណត់គោលដៅ ដោយការគំរាមកំហែងបំផ្ទុះគ្រាប់បែកដល់លំនៅដ្ឋាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៩ វិច្ឆិកា ២០២៤។
FBI បាននិយាយថា ការគម្រាមកំហែងដ៏បំផ្លិចបំផ្លាញ បានកើតមានតាមរយៈការហៅទូរស័ព្ទ ក្លែងបន្លំ ទៅកាន់ប៉ូលីស ធ្វើឡើងទៅលើមនុស្សយ៉ាងហោចណាស់ ៩នាក់ ដែលទើបត្រូវបានជ្រើសតាំងដោយលោក Trump ឱ្យដឹកនាំក្រសួងការពារលំនៅដ្ឋាន,កសិកម្មនិងការងារ ក៏ដូចជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំអង្គការសហប្រជាជាតិ ព្រមទាំងមន្ត្រីថ្មីៗមួយចំនួនទៀត។
លោកស្រី Karoline Leavitt អ្នកនាំពាក្យ នៃក្រុមតែងតាំងគណៈរដ្ឋមន្ត្រី របស់លោក Trump បាននិយាយថា ពិតជាមានរឿងនេះដែលជាការគំរាមកំហែងដល់ជីវិត និងអ្នកដែលរស់នៅជាមួយពួកគេ។ លោកស្រីបាននិយាយថា មន្ត្រីអនុវត្តច្បាប់បានចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីធានាសុវត្ថិភាព ដល់អ្នកទាំងនោះ។
លោកស្រីបានបន្ថែមទៀតថា «មានប្រធានាធិបតី Trump ជាគំរូ ទង្វើដ៏គ្រោះថ្នាក់នៃការបំភិតបំភ័យបែបនេះ នឹងមិនអាចរារាំងយើងបាន នោះទេ»។
យ៉ាងណាមិញ ប្រភពពីមន្ត្រីអនុវត្តច្បាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា លោក Trump ដែលបានរួចរស់ជីវិតពីការប៉ុនប៉ងធ្វើឃាតចំនួនពីរដង អំឡុងពេលយុទ្ធនាការបោះឆ្នោត មិនស្ថិតក្នុងចំណោមអ្នកដែលទទួលបាន ការហៅទូរស័ព្ទគំរាមនោះទេ។
សេតវិមានបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតី Joe Biden ត្រូវបានគេរាយការណ៍អំពីឧប្បត្តិហេតុនេះ ហើយបញ្ជាក់ថា សេតវិមានបន្តតាមដានស្ថានការណ៍នេះ យ៉ាងដិតដល់។
គួរបញ្ជាក់ថា លោក Donald Trump គ្រោងនឹងឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកជាផ្លូវការនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕RT