ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ថា ទោះបីជាពេលកន្លងមកកម្ពុជា មិនទាន់សម្រេចបាន ប៉ុន្តែការនាំចេញអង្ករឲ្យបាន ១លានតោន ក្នុងមួយឆ្នាំ ទៅកាន់ទីផ្សារអន្តរជាតិ នៅតែជាគោលដៅអាទិភាព របស់កម្ពុជាដដែល ខណៈកម្ពុជា សល់ស្រូវ៦លានតោន បើគិតជាអង្ករ ស្មើប្រមាណជា៤លានតោនកាលពីឆ្នាំ២០១៩។

ក្នុងពិធីសំណេះសំណាល ជាមួយប្រជាកសិករ នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «គោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករឲ្យបានជាង១លានតោន នៅតែជាគោលដៅអាទិភាព របស់យើង ដែលត្រូវបន្ដ ជាមួយនឹងគោលនយោបាយ ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥» ។

សម្ដេចតេជោ រំលឹកថា នៅពេលដាក់ចេញគោលនយោបាយ កសិកម្មផលិតស្រូវ និងការនាំចេញអង្ករ របស់ កម្ពុជា កាលពីប៉ុន្មានឆ្នាំមុនកម្ពុជា មានស្រូវតិចតួចណាស់ ។ ហើយពេលនោះឥណ្ឌា បានផ្ដល់អង្ករ មកកម្ពុជាជាង២ម៉ឺនតោន កាលពីឆ្នាំ២០០២ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាន ស្របពេលដែល កម្ពុជា ជួបគ្រោះរាំងស្ងួត បន្ទាប់មកកម្ពុជា ក៏បានជួបគ្រោះទឹកជំនន់ឆ្នាំ២០០១ និងគ្រោះរាំងស្ងួត ឆ្នាំ២០០២ ។

សម្ដេចបន្ថែមថា នៅចុងឆ្នាំ២០១៩ កម្ពុជាសល់ស្រូវ៦លានតោន បើគិតជាអង្ករវិញ ប្រមាណជា៤លានតោន។ កម្ពុជាជាប្រទេសតូចមួយ ដែលមានកសិកម្មមិនទាន់លូតលាស់ ប៉ុន្ដែកម្ពុជាសល់រហូតស្រូវជាង៦លាន និងអង្ករជាង៤លានតោន ហើយនេះជាទំហំមួយដ៏ធំសម្រាប់កម្ពុជា។

ជាងនេះទៅទៀត សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «ទាំងនេះអាចនិយាយបានថា ជាកញ្ចប់នាំចេញ ផលិតកម្មស្រូវ និងការនាំអង្កររបស់កម្ពុជា។យើងជោគជ័យបានតែមួយទេ យើងបង្កើនផលិតផល ខ្វះខាត ទៅជាការសល់ស្រូវជាង៦លានតោន។ប៉ុន្ដែគោលដៅនៃការនាំចេញ១លានតោន មិនទាន់បានសម្រេចទេ យើងនាំចេញបានតិចណាស់ គឺមានតែឆ្នាំនេះទេ(ឆ្នាំ២០២០) យើងនាំចេញបានច្រើន ក្នុងរយៈពេល៦ខែ ជាង៤០ម៉ឺនតោន។តាមការព្យាករទុក គឺយើងអាចឈាននាំចេញអង្កររបស់យើង បាន១លានតោន ក្នុងរង្វង់ឆ្នាំ២០២១ ឬ២០២២»។

សម្ដេចនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ដើម្បីឈានទៅដល់ការសម្រេចបាន នាំអង្ករចេញទៅក្រៅប្រទេស១លាន តោន មិនមែនធ្វើស្រូវរបៀបចាស់ទៀតឡើយ ត្រូវធ្វើស្រូវតាមបច្ចេកវិទ្យាទំនើប ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ