ក្រុមហ៊ុន CP Group លើកឡើងអំពីគោលបំណង ក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។
ក្នុងឱកាសនេះនៃជំនួបនេះ លោក សែ ភីង បានជម្រាបជូន សម្តេចធិបតី អំពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង ១០០ឆ្នាំ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មានការវិនិយោគនៅក្នុងប្រទេសកម្ពុជាលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។ បន្ថែមលើនេះ លោកអនុប្រធានក្រុមប្រឹក្សាភិបាល CP Group ក៏បានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយស្វាគមន៍ចំពោះជំនួបជាមួយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន CP Group នាឱកាសនេះ និងបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងទៀតដែលក្រុមហ៊ុន CP Group មានចំណាប់អារម្មណ៍ ជាអាទិ៍ វិស័យអចលនទ្រព្យ, សុខាភិបាល និងផ្កាយរណប ដោយបានណែនាំឱ្យក្រុមហ៊ុនទាក់ទងពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ៕EB