កំពង់ស្ពឺ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ត្រូវឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ដំបូងយើងត្រូវប្រឡងរៀបចំយន្តការថ្នាក់កណ្តាល ស្រដៀងឯកឧត្តម ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡងបាក់ឌុបដែរ ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នា ធ្វើយ៉ាងណា ដើម្បីធានាឱ្យបាននូវភាពត្រឹមត្រូវមានតម្លាភាព យុត្តិធម៌ ធានាថា អ្នកចេះគឺជាប់ នេះហើយជាគោលការណ៍របស់យើង»។
សម្តេចធិបតី បានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ គឺមានយន្តការតែមួយ នៃការជ្រើសរើសគ្រប់ក្រសួងទាំងអស់ គឺត្រូវប្រឡងជ្រើសរើសមន្រ្តីក្រមខណ្ឌយន្តការថ្នាក់ជាតិឱ្យបានយុត្តិធម៌។ ដោយឡែកមន្រ្តីកិច្ចសន្យាប្រគល់សិទ្ធិជូនក្រសួងស្ថាបនសមីបន្តធ្វើនិតិវិធី ប៉ុន្តែត្រូវធានានូវតម្លាភាព និងយុត្តិធម៌ផងដែរ។
សម្តេចធិបតី បន្ថែមថា ការរៀបចំថ្មីនេះ ត្រូវតែរក្សាកម្លាំងចាស់ និងថ្មី ដើម្បីធ្វើការជាមួយគ្នា។ សម្តេចសង្កត់ធ្ងន់ថា នឹងបន្តពិនិត្យមើលដើម្បីពង្រឹងការប្រើប្រាស់មន្រ្តីឱ្យមានប្រសិទ្ធភាព កុំឱ្យមានតែបរិមាណ តែគ្មានគុណភាព ពោលគឺប្រព័ន្ធលើកទឹកចិត្តធ្វើយ៉ាងណាឱ្យចំគោលដៅតែម្តង៕EB