ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ ពិសេសពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ។
នាឱកាសអញ្ជេីញជួបសម្តែងការគួរសមជាមួយ លោក លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរី នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវសេចក្ដីរីករាយចំពោះទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ, ជាពិសេស វិស័យការពារជាតិ និងវិស័យអប់រំ ដែលសិង្ហបុរីតែងបានផ្តល់នូវជំនួយបច្ចេកទេស ដូចជាការហ្វឹកហ្វឺនបណ្តុះបណ្តាលដល់កម្ពុជា។
សម្តេចមហាបវរធិបតី បានសម្តែងនូវបំណងរបស់កម្ពុជា ក្នុងការរៀនសូត្រពីបទពិសោធន៍របស់សិង្ហបុរី ពាក់ព័ន្ធទៅនឹងវិស័យការពារជាតិ,ជាពិសេស ពាក់ព័ន្ធទៅនឹងការអនុវត្តកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋ។
លោក លី សៀនលុង បានឯកភាពក្នុងពិនិត្យលើលទ្ធភាពនៃការបន្តផ្តល់ការគាំទ្របច្ចេកទេស និង ការបណ្តុះបណ្តាលដល់កម្ពុជា ទាំងក្នុងវិស័យស៊ីវិល និង យោធា, ហើយ ឯកឧត្តម ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី មកធ្វើទស្សនកិច្ចនៅសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ។
ជាកិច្ចបន្ទាប់,ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ដូចជា ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខថាមពល សុខាភិបាល ឌីជីថល កសិកម្ម និង ការពារជាតិ ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាលើលទ្ធភាពក្នុងការនាំអង្ករ និង ផលិតផលកសិកម្មដទៃទៀតពីកម្ពុជាចូលមកកាន់ទីផ្សារសិង្ហបុរី ក៏ដូចជាគម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ ឆ្ពោះទៅប្រទេសសិង្ហបុរី ផងដែរ៕EB