ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ចាកចេញទៅរុស្ស៊ី សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋ និងពិធីរំលឹកខួបសង្គ្រាមលោក
ចិន៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារស៊ីនហួរ បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃពុធនេះ បានចាកចេញពីទីក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី និងចូលរួមក្នុងពិធីរំលឹកខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀតក្នុងសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ គឺសង្គ្រាមលោកលើកទី២ នៅទីក្រុងមូស្គូ។
ដំណើរទស្សនកិច្ចនេះ ដែលនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១០ ខែឧសភា ធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ក្នុងដំណើរអមដំណើរលោក ស៊ី ជីនពីង រួមមានមន្ត្រីជាន់ខ្ពស់សំខាន់ៗដូចជា លោក Cai Qi សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជានាយកការិយាល័យទូទៅនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក Wang Yi សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីការបរទេសចិន។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងយុទ្ធសាស្ត្ររវាងចិន និងរុស្ស៊ី ចំពេលមានបរិបទអន្តរជាតិដ៏ស្មុគស្មាញ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង