ភ្នំពេញ ៖ សហគ្រាសធុនតូច និងមធ្យម (SMEs)របស់ជប៉ុន បានចាប់អារម្មណ៍លេីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា ដោយផ្តោតលើសេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាននិងឌីជីថល ព្រមទាំងសេវាកម្មផ្សេងៗទៀត។

ក្នុងជំនួបពិភាក្សាការងាររវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ភាគីទាំងពីរ បានពិភាក្សាទៅលើ កិច្ចសហប្រតិបត្តិការវាងកម្ពុជា-ជប៉ុន ជាពិសេស ក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។

ជាក់ស្តែង សម្ដេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើនដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ,ជាពិសេស,ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ សម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។

ជាមួយនឹងការកំណត់ក្របខ័ណ្ឌគតិយុត្ត និងយន្តការជាក់លាក់ លោក តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ទន្ទឹមនេះ លោក តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗចំនួន២ រួមមាន៖ ទី១-ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និងទី២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច,មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន),ការតុបតែង និងកែសម្ផស្ស,សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

ជាការឆ្លេីយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យ ដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ