ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នារៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណជាបុព្វទេវា។

តាមរយៈព្រះរាជសារ ព្រះកុរណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណអ្នកម្តាយ ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥ ព្រះអង្គ មានព្រះរាជបន្ទូលទៀតថា ទិវាគុណអ្នកម្តាយ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកនូវគុណូបការៈដ៏មហាធ្ងន់វិសេសវិសាល មិនមានអ្វីអាចប្រៀបផ្ទឹមបាន នៃមាតាគ្រប់រូប ដែលខិតខំចំណាយកម្លាំងកាយ កម្លាំងចិត្តចិញ្ចឹមបីបាច់ ថែរក្សា អប់រំបុត្រដោយឥតត្អូញត្អែរ មិនគិតដល់ការហត់នឿយ និងមានសន្តានចិត្តប្រកបបដោយ ព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ចំពោះបុត្រគ្រប់រូប ។ 

ព្រះអង្គ មានព្រះរាជបន្ទូល បន្ដថា «អ្នកម្តាយមានគុណធ្ងន់មហិមា ដែលពុំអាចពិពណ៌នារៀបរាប់បាន ចូរបុត្រគ្រប់គ្នាតបស្នងនូវឧបការគុណ អ្នកម្តាយគ្រប់ប្រាណជាបុព្វទេវា ។ អ្នកម្តាយ មានតួនាទីស្នួលដ៏សំខាន់ អប់រំបុត្រឱ្យក្លាយជាកម្លាំងចលករក្នុងការអភិរក្សថែរក្សា ការពារ លើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ ជាដួងព្រលឹងជាតិ និងជាវប្បធម៌កតញ្ញូ ឱ្យបានស្ថិតស្ថេរគង់វង្សតាំងពីដើមមក និងបន្តជារៀងរហូត»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ