BREAKING នាយករដ្ឋមន្ដ្រី បញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការ ឆ្នាំ២០២៣ រង់ចាំយន្តការថ្មី ដើម្បីធានាសុក្រឹត្យភាព និងតម្លាភាព
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាឲ្យផ្អាកការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ ដោយឲ្យរង់ចាំយន្តការថ្មីដើម្បីធានាបាននូវសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌សម្រាប់មន្រ្តីថ្មី។
ការចេញបទបញ្ជាភ្លាមៗ ធ្វើឡើងបន្ទាប់ពីសម្តេចអធិបតីនាយករដ្ឋមន្រ្តី ទទួលបាននូវសំណើពីក្រសួងចំនួន៣ តាមរយៈក្រសួងមុខងារសធារណៈ ដើម្បីរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្រ្តីនៅក្នុងឆ្នាំ២០២៣។
តាមរយៈសារសំឡេងនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា "ដោយសារការជ្រើសរើសមន្រ្តីរាជការ គឺជាកិច្ចការសំខាន់ ពាក់ព័ន្ធនឹងកំណែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី ខ្ញុំសូមផ្អាកនូវការជ្រើសរើសមន្រ្តីទាំងក្នុងផែនការឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំពេលក្រោយ"។
សម្ដេច បន្ដថា "ខ្ញុំឃើញ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ គាត់ស្នើសុំក្រសួង៣ ដើម្បីរៀបចំនីតិ វិធីប្រឡង នៅក្នុងឆ្នាំ២០២៣នេះ។ គណៈកម្មការជាតិពាក់ព័ន្ធនឹងកំណែទម្រង់ មន្រ្តីមុខងារសាធារណៈ ដែលក្នុងនោះខមផូនិនសំខាន់ គឺការប្រឡងឱ្យមានសុក្រឹតភាព គឺជាគោលដៅធំសម្រាប់រដ្ឋាភិបាលថ្មី អញ្ចឹងដើម្បីឱ្យចេញដេប៉ាសុក្រិតភាពតែម្តង គឺខ្ញុំសូមផ្អាក ការប្រឡងជ្រើសរើសមន្រ្តី ចាប់ពីពេលនេះទៅរហូតដល់ការរៀបចំគណៈកម្មការ និងយន្តការថ្មី ដែលរៀបចំក្នុងពេលឆាប់ខាងមុខរួច"៕EB