សៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គឺបានបង្ហាញពីចំណងទំនាក់ទំនងដែកថែបដ៏លេចធ្លោររវាងប្រទេសកម្ពុជា និងប្រទេសចិន។ 

សម្តេច នាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport” នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេច នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គឺកើតចេញពីសុខសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ននេះ។ បន្ថែមលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ គឺកើតចេញពីគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី គឺដើរតួនាទីសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា។

សម្តេចធិបតី មានប្រសាសន៍ថា៖« កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ»។

សូមបញ្ជាក់ថា ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ មិនតែប៉ុណ្ណោះ វា ជាកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ