ភ្នំពេញ ៖ ក្រសួងសុខាភិបាល ក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឲ្យពង្រឹងវិធានការការពារការចម្លងជំងឺកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីអូមីក្រុង អំឡុងថ្ងៃទិវាបុណ្យក្តីស្រលាញ់ ១៤ កុម្ភៈ ។

តាមរយៈសេចក្ដីជូនព័ត៌មាន នៅថ្ងៃទី១១ កុម្ភៈនេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ បងប្អូនប្រជាពលរដ្ឋមួយចំនួន ជាពិសេសយុវជន យុវនារី ទោះបីជាមិនមែនជាប្រពៃណីរបស់ខ្មែរ តែនឹងអាចមានការជួបជុំគ្នាដើរកំសាន្ត ឬបរិភោគអាហាររួមគ្នាជាដើម នាថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលជាទំនៀមទម្លាប់របស់បរទេស ដើម្បីចែករំលែកសេចក្តីស្រលាញ់ដល់គ្នាទៅវិញទៅមក ចំពោះក្រុមគ្រួសារ មាតាបិតា លោកតាលោកយាយ ញាតិមិត្ត មិត្តភក្តិ គូស្វាមី ភរិយា និងគូសង្សារ ដែលសកម្មភាពនេះ អាចបង្កជាហានិភ័យខ្ពស់ នាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូល ទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជាពិសេសវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទវីរុសឆ្លងលឿនជាងប្រភេទមុនៗ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេសយុវជន-យុវនារី សូមមេត្តាបន្តការប្រុងប្រយ័ត្នខ្ពស់ នូវលទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ ដែលកំពុងតែចរាចរនៅក្នុងសហគមន៍យើង និងអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានម៉ត់ចត់តាមប្រសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារសម្លេងនាយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ ដែលបានក្រើនរំលឹកអំពី ការការពារខ្លួនរបស់បុគ្គល ដោយសារមានការកើនឡើង នៃការចម្លងជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីអូមក្រុង នៅកម្ពុជា ដែលជាក្តីព្រួយបារម្ភរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវឱ្យមានការ កាត់បន្ថយការជួបជុំក្នុងទ្រង់ទ្រាយធំ ឬការជួបជុំដែលមិនចាំបាច់នានា ព្រមទាំងត្រូវបន្តអនុវត្តន៍វិធាន ការសុខាភិបាលឱ្យបានពេញលេញ និងម៉ត់ចត់នៅគ្រប់សកម្មភាពរបស់បងប្អូន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ