អាជ្ញាធរភ្នំពេញ ឲ្យពិធីមង្គលការ បុណ្យ កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំ ត្រូវរៀបចំកៅអីអង្គុយ មិនឱ្យលើស ៧នាក់
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យរៀបចំកៅអី អង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន។
យោងតាមសេចក្តីណែនាំ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។
សេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវណែនាំឲ្យរៀបចំកៅអី អង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឲ្យលើសពី៧នាក់ ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការ សុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាបាញ់អាកុលឬដែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាស ចេញក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឲ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញ នៅពេលងើបចេញពីតុ»៕