ភ្នំពេញ ៖ នៅចំពោះមុខអង្គទូតនានា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងទិវាសិទ្ធិនារី ៨ មិនា បានបញ្ជាក់ថា សម្តេចមិនយកប៊ិក ទៅចុះហត្ថលេខា ចំពោះសំណើរលើកលែងទោស ដល់អ្នកនយោបាយណា ដែលមានកម្រិតទោសព្រហ្មទណ្ឌ ។

ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីក្រុម ប្រឆាំងមានទាំងបរទេសមួយចំនួន បានប្រមាថយ៉ាងធ្ងន់ធ្ងរ ចំពោះគ្រួសារសម្តេច ពិសេសករណីមរណភាព របស់ប្អូនថ្លៃ សម្តេច ។

ការប្រកាសរបស់សម្តេចនេះ ក៏ស្របពេលពីសប្តាហ៍មុន តុលាការបានចេញសាលក្រមផ្តន្ទាទោស លោក កឹម សុខា ចំនួន២៧ឆ្នាំ ក្នុងសំណុំរឿង «សន្ទិដ្ឋភាពជាមួយបរទេស» ព្រមទាំងដកជាស្ថាពរ នូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត តាមបញ្ញាត្តិមាត្រា៤៥០ នៃក្រមព្រហ្មទណ្ឌ ។

ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១១២ នាព្រឹកថ្ងៃ៧ មីនា សម្តេចតេជោបានលើកឡើងថា “នៅទីនេះមានអគ្គរដ្ឋទូត មានមិត្តបរទេស មួយចំនួនបានមកកាន់ទីនេះ ឯកឧត្តមអស់លោក លោកស្រី តើមានដឹងទេថា នៅពេលភរិយាខ្ញុំ និងខ្លួនខ្ញុំ ក្រុមគ្រួសារខ្ញុំ កំពុងសម្រក់ទឹក ភ្នែកស្តាយប្អូនស្រី ដែលបាត់បង់ជីវិតដល់លំបាក តែពួកគេបានចេញមកវាយប្រហារប្អូនស្រីខ្ញុំ ភរិយាខ្ញុំ និងក្រុមគ្រួសារខ្ញុំ បើសិនឯកឧត្តម លោកជំទាវ និងមិត្តបរទេស ជាខ្លួនខ្ញុំជាភរិយាយខ្ញុំ តើអ្នកទាំងអស់ គ្នាអាចទទួលបានទេ?”។

សម្តេចលើកឡើងថា “ការគ្រប់គ្រងរដ្ឋសម្តេចមិនផ្អែក លើកបញ្ហាមនោសញ្ចេតនានោះទេ ប៉ុន្តែការអនុវត្តច្បាប់ត្រូវតែមាន ។ អីចឹងអស់លោកអាច និយាយថាហ៊ុន សែនផ្តាច់ការ ហើយ ចូលចិត្តនិយាយតបតទៅកាន់អ្នកនេះ អ្នកនោះ តែអស់លោកអាចមើលដឹងនូវការបកស្រាយរបស់គេ ដែលវាយប្រហារមនុស្សទាំងស្លាប់ ហេតុអ្វីមនុស្សស្លាប់ ហើយវាយប្រហារអីចឹង?”៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ