ក្រចេះ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍អ្នកទេសចរចិន អញ្ជើញមកដើរលេងកម្សាន្ដនៅក្នុងប្រទេសកម្ពុជា ក្រោយពីរដ្ឋាភិបាលចិន ចាប់ផ្ដើមបើកប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ មានភាពធូរស្រាលឡើងវិញ។
ក្នុងពីធីបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ នាព្រឹកថ្ងៃទី ២ ខែមករា ឆ្នាំ ២០២៣នេះ ថា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសចិន បានចាប់ផ្ដើមបើកប្រទេសឡើងវិញ ហើយអ្នកទេសចរចិន ក៏បានចាប់ផ្ដើមចេញដើរលេងកម្សាន្ដ នៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីមិនទាន់កើតមានជំងឺកូវីដ-១៩ ប្រទេសកម្ពុជា ទទួលបានអ្នកទេសចរចិនជាង ២លាននាក់ តែនៅពេលជំងឺកូវីដ-១៩ រាតត្បាត ក៏ធ្វើឲ្យអ្នកទេសចរចិន មានការថយចុះជាបន្តបន្ទាប់។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ឥឡូវនេះ ប្រទេសចិន បានចាប់ផ្ដើមបើកប្រទេសឡើងវិញ ជាមួយនឹងទេសចររាប់សិបលាននាក់ ដល់រយលាននាក់ឯណោះ ដូច្នេះកម្ពុជា ពិតជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ សម្រាប់ប្រជាជនចិន»។
បើតាម សម្ដេចតេជោ ហ៊ុន សែន នាប៉ុន្មានថ្ងៃកន្លងមកនេះ មានការឃោសនាអកុសលមួយចំនួន អំពីការឆ្លងរាលដាលជំងឺកូវីដនៅប្រទេសចិន ដែលជាការបំភ័យមួយមិនមែនជាការពិតឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា «ប៉ុន្តែអ្នកដែលមានការតឹងតែងជាមួយចិន ក៏សុំតឹងតែងទៅចុះ ព្រោះនោះវាផ្ដល់ផលចំណេញឲ្យកម្ពុជា ឧបមាថា គេចង់ទៅប្រទេសនោះ ប៉ុន្តែប្រទេសនោះ គេមានលក្ខខណ្ឌតម្រូវឲ្យប្រជាជនចិន ត្រូវធ្វើនេះ ត្រូវធ្វើនោះ ក្នុងពេលដែលកម្ពុជាអត់តម្រូវឲ្យប្រជាជនចិន ត្រូវធ្វើអីទេ មកទេសចរណ៍ធម្មតា»។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងទៀតថា ប្រទេសដទៃ តម្រូវឲ្យអ្នកទេសចរចិន ធ្វើនេះ ធ្វើនោះ គឺជារឿងរបស់ពួកគេ តែសម្រាប់ប្រទេសកម្ពុជា អញ្ជើញប្រជាជនចិន អ្នកទេសចរចិន មកកាន់ប្រទេសកម្ពុជា៕EB