រដ្ឋមន្ដ្រីក្រសួងសុខាភិបាល អំពាវនាវដល់ពលរដ្ឋការពារចម្លងជំងឺកូវីដ-១៩ ផ្ដាសាយបក្សី ពុលចំណី ឬស្រា ស ក្នុងពិធីសែនដូនតា និងចូលឆ្នាំខ្មែរ
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវការពារការចម្លងជំងឺកូវីដ-១៩ ជាពិសេស អូមីក្រុង និងជំងឺផ្ដាសាយបក្សី ព្រមទាំងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង បានថ្លែងថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុង កំពុងតែចរាចរយ៉ាងសកម្មនៅតាមបណ្តាប្រទេសលើសកលលោក ហើយកម្ពុជា បានរកឃើញជាបន្តបន្ទាប់នូវករណីវិជ្ជមានវីរុសកូវីដ-១៩ ជាពិសេស អូមីក្រុង ដែលតម្រូវឲ្យប្រជាពលរដ្ឋទាំងអស់បន្តការយកចិត្តទុកដាក់ការពារខ្លួនឲ្យបានហ្មត់ចត់ជាប់ជានិច្ច។
លោក បន្ថែមថា ដោយសង្កេតឃើញថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋមួយចំនួន បានប្រារព្ធពិធីសែនដូនតាផ្សេងៗ ដែលមានការទិញទំនិញ និងចរាចរនូវបសុបក្សីច្រើន ដែលអាចមានហានិភ័យនៃការចម្លងនូវវីរុសផ្តាសាយបក្សី ដែលមាននៅលើសត្វ និងនៅក្នុងបរិស្ថាន មកមនុស្សបានគ្រប់ពេលវេលា ប្រសិនបើមិនមានការបង្ការបានត្រឹមត្រូវទេនោះ។ ម្យ៉ាងវិញទៀត ជំងឺដង្កាត់ផ្សេងៗ និងការពុលចំណីអាហារ ឬពុលស្រា ស ក៏តែងតែសង្កេតឃើញកើតមានឡើង នៅតាមតំបន់ ឬទីតាំងមួយចំនួននៅក្នុងប្រទេស ដែលទាំងអស់គ្នាត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ដោយបុគ្គលម្នាក់ៗ ត្រូវខិតខំថែរក្សាការពារសុខភាពឲ្យបានល្អប្រសើរនៅគ្រប់កាលៈទេសៈ។
លោក បញ្ជាក់ថា «សូមអំពាវនាវ និងធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការការពារសុខភាពពីការចម្លងជំងឺកូវីដ-១៩ ជាពិសេសអូមីក្រុង ជំងឺផ្តាសាយបក្សី និងជំងឺផ្សេងៗ រួមទាំងការបង្ការសុខភាពបណ្តាលមកពីការពុលចំណីអាហារ ឬពុលស្រា ស នៅក្នុងការរស់នៅជាប្រចាំថ្ងៃរបស់ខ្លួន ក៏ដូចជានារដូវបុណ្យទាន ពិធីសែនដូនតាផ្សេងៗ និងនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ»។
លោករដ្ឋមន្ដ្រី បានបន្ដទៀតថា ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគ្រប់គ្រងស្ថានភាពឆ្លងរាលដាលបានល្អប្រសើរ បើទោះបីជាប្រទេសកម្ពុជា នៅបន្តរកឃើញវីរុសនេះក្តី តែប្រជាជនកម្ពុជាបាននិងកំពុងរៀនរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី ជាមួយនឹងវត្តមានវីរុសកូវីដ-១៩ នៅក្នុងបរិបទនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយផលប៉ះពាល់លើសុខភាពសាធារណៈ និងលើសេដ្ឋកិច្ច-សង្គម ឲ្យបានជាអតិបរមា ព្រមទាំង បន្តរក្សានូវនិរន្តភាពនៃការរស់នៅធម្មតាតាមប្រក្រតីភាពថ្មីនេះ ឲ្យបានយូរអង្វែងផងដែរ៕EB