សម្ដេចតេជោ ហ៊ុន សែន ហួសចិត្តចំពោះករណីអ្នកសារព័ត៌មានម្នាក់ ប្រើពាក្យសម្ដីមិនសមរម្យ គំរាមកំហែងពលរដ្ឋ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងការហួសចិត្តចំពោះករណីអ្នកសារព័ត៌មានម្នាក់ ប្រើពាក្យសម្ដីមិនសមរម្យ ព្រមទាំងគំរាមកំហែងប្រជាពលរដ្ឋម្នាក់ កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ អំឡុងពេលបុរសម្នាក់នោះទៅជួយលើកម៉ូតូដែលជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វា។
ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យវេស្ទើន នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ខុសត្រូវយ៉ាងណាគឺជារឿងមួយ ប៉ុន្តែស្ទះចរាចរណ៍លើស្ពាន វាមិនគួរឱ្យកើតមានទេ ការជួយគ្នាគឺជារឿងចាំបាច់ តែអ្វីដែលជារឿងឆ្គងគឺត្រង់ថា អ្នកសុំទោស មិនបានសុំទោសប៉ូលិសទៅសុំទោសអ្នកកាសែត តើកាសែតហ្នឹង វាមានសិទ្ធអីវា។ ខ្ញុំអត់ដឹងថា តើអ្នកកាសែតមានសិទ្ធិអីទៅគំរាមកំហែងគេរបៀបហ្នឹង រឿងហ្នឹងវាអត់ត្រូវអីទាល់តែសោះ ដំបូងបំផុតចាំបាច់ត្រូវតែជួយគ្នាសិន រឿងយ៉ាងណាក៏ដោយ តែវាអត់សមហេតុសមផលទេ នូវការប្រើពាក្យសម្ដីបែបនេះ»។
សម្ដេចតេជោ ក៏ស្នើឱ្យអ្នកលេងបណ្ដាញសង្គមបញ្ចប់ការបញ្ចេញមតិលើករណីនេះ ខណៈការបញ្ចេញមតិខ្លះក៏ជ្រុលហួសដែរ ដូចជាថា ឱ្យដកអញ្ញាប័ណ្ណ និងឱ្យព្រះរាអាជ្ញាចោទប្រកាន់ខណៈសម្ដេចអះអាងថា ជាការលើកឡើងមិនត្រឹមត្រូវ ហើយណែនាំឱ្យរដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកសារព័ត៌មានអនឡាញទាំងអស់មកអប់រំ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនជានគរបាលយុត្តិធម៌ដែរ ឯអ្នកដែលជួយគេនោះ ក៏មិនមែននគរបាលយុត្តិធម៌ តែគាត់មានចិត្តចង់ជួយ។ សម្ដេច បានសរសើរនូវទឹកចិត្តរបស់បុរសម្នាក់នោះដែល ឌុប ប្រពន្ធ កូន ដាក់ម៉ូតូចោល រួចហើយទៅជួយលើកម៉ូតូ៕EB