ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានព្រមានវាយខ្នោះលោក គង់ គាំ និងអ្នកគណបក្សនយោបាយដទៃទៀត ក្រោយវាយប្រហារ គណបក្សប្រជាជនកម្ពុជាថា លួចសន្លឹកឆ្នោត
នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាពផ្សារភ្ជាប់នឹងអភិវឌ្ឍ នៅតែជាគោលនយោបាយអាទិភាពរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ បញ្ជាក់ថា «ចាស់ហើយ ល្មមហើយ គាំ និយាយឱ្យច្បាស់ចឹងផ្ដាំទៅ គាំ យើងពីដើមនៅជាមួយគ្នាតើ ខ្ញុំសូមដាក់តឿៗ ជាការព្រមានបន្ថែម ហ៊ុន សែន ហ៊ានវៃខ្នោះ ចំពោះជនក្បត់ ដែលមានភស្ដុតាងគ្រប់គ្រាន់នៅម៉ោង ១២យប់។ ហ៊ុន សែន មិនខ្លាចនូវអ្វីទាំងអស់ ទាក់ទងរឿងថែរក្សាសន្ដិភាព ខ្ញុំសូមព្រមានអ្នកឯង កុំឱ្យសោះ អ្នកឯងវៃប្រហារអ្វី វៃទៅ អ្នកឯងអួតអីអួតទៅ អ្នកឯងវៃគណបក្សប្រជាជន អ្នកឯងដឹកគេឈឺទេ?»។
សម្ដេចតេជោ ក៏អំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតឱ្យបញ្ឈប់ការវាយប្រហារលើបក្សប្រជាជនកម្ពុជា។ សម្ដេច នឹងបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទបក្សប្រជាជនជា «ចោរលួចសន្លឹកឆ្នោត» នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។
លើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបនឹងការចោទប្រកាន់ និងវាយប្រហារបក្សប្រជាជនកម្ពុជា ពីសំណាក់បក្សប្រឆាំងថា ជម្រើសមានតែពីរទេ គឺវិធានការច្បាប់ និងដំបង។ តើរើសយកមួយណា? សម្តេច ណែនាំឱ្យមេធាវីបក្សប្រជាជនកម្ពុជា តាមដាន និងចាត់វិធានការបក្សប្រឆាំង រឿងវាយប្រហារលើបក្សប្រជាជនកម្ពុជា៕EB