(មានវីដេអូ) សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យវាយរបងមួយកន្លែងចោលនៅខេត្តព្រះសីហនុ ក្រោយសាងសង់លយចូលឆ្នេរអូរឈើទាល
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការសម្របសម្រួល វាយ និងធ្វើការរុះរើរបង ដែលបានសាងសង់លយចូលឆ្នេរអូរឈើទាលចេញ។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងប្រាប់សារព័ត៌មាន NP News នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ថា «ពីល្ងាចម៉ិញ យើងបានទទួលបានតាមការណែនាំរបស់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើរ និងណែនាំឱ្យរដ្ឋបាលខេត្តព្រះសីហនុធ្វើការសម្របសម្រួល និងជូនដំណឹងដល់ម្ចាស់កម្មសិទ្ធិករដីដែលមានប័ណ្ណកម្មសិទ្ធិនៅឆ្នេរអូឈើទាល ឱ្យធ្វើការរុះរើកែលម្អរបងនៅប៉ែកខាងសមុទ្រមួយចេញ»។
លោកអភិបាលខេត្ត បញ្ជាក់ទៀតថា រដ្ឋបាលខេត្តបានធ្វើការកាយ និងរុះរបងនៅប៉ែកខាងសមុទ្រចេញមួយអន្លើសិនហើយ ចំពោះការសម្របសម្រួលយ៉ាងណាបន្តទៀតរង់ចាំនៅពេលខមុខទៀត។
សូមរំលឹកថា ប្រជាពលរដ្ឋអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បាននាំរិះគន់ជាច្រើនចំពោះការសាងសង់របង លយចូលឆ្នេរអូរឈើទាល។ ទាក់ទងនឹងម្ចាស់កម្មសិទ្ធិមកដល់ពេលនេះ គេនៅមិនទាន់ដឹងតើអ្នកណាជាម្ចាស់ឱ្យប្រាកដនោះទេ ខណៈទាំងមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតរបស់រដ្ឋ ពុំមានអ្នកណាហ៊ានអះអាងពីម្ចាស់កម្មសិទ្ធិនៃរបងដែលកំពុងតែហ៊ុមព័ទ្ធស្របឆ្នេរខ្សាច់ ក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនេះបាននៅឡើយទេ៕EB