ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ប្រាក់កម្ចី ៤០លានដុល្លារ សម្រាប់ជួយដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB បានគូសបញ្ជាក់ថា វាជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួន២ពីមុនដែលត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។
លោកស្រី Benita Ainabe អ្នកឯកទេសផ្នែកហិរញ្ញវត្ថុ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា បានបោះជំហានយ៉ាងសំខាន់ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ និង ធ្វើឲ្យការគ្រប់គ្រងវិបត្តិមានភាពប្រសើរឡើង ក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩។ តាមរយៈកម្មវិធីរងថ្មីនេះ រាជរដ្ឋាភិបាល បានអនុម័តច្បាប់សំខាន់ៗដែលគាំទ្រដល់យុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ និងបានផ្តួចផ្តើម គំនិតជាច្រើន ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុ រួមទាំងគម្រោងធានាឥណទានសាធារណៈ (public credit guarantee scheme)សម្រាប់សហគ្រាសធុនតូចនិងមធ្យមដំបូងគេនៅកម្ពុជាផងដែរ»។
នៅកម្ពុជាលទ្ធភាពទទួលបានផលិតផល និង សេវាកម្មហិរញ្ញវត្ថុ សម្រាប់ពលរដ្ឋក្រីក្រ នៅមានកម្រិត ហើយចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅទាប។ មានតែ ២១.៧% នៃប្រជាពលរដ្ឋពេញវ័យរបស់ប្រទេស ប៉ុណ្ណោះដែលមានគណនីធនាគារ ហើយ MSMEs ប្រឈមការលំបាកដើម្បីទទួលបានហិរញ្ញប្បទាន និងធានារ៉ាប់រងខ្នាតតូច។ អាជីវកម្ម ជារឿយៗ ត្រូវបានរារាំងដោយលទ្ធភាពទទួលបានហិរញ្ញវត្ថុរយៈពេល វែងដោយសារកង្វះវត្ថុបញ្ចាំ ការមិនទាន់ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ដូចជាសម្រាប់ការធានា និងអនក្ខរភាពហិរញ្ញវត្ថុ។ មានតែប្រជាពលរដ្ឋកម្ពុជា ១៨% ប៉ុណ្ណោះដែលត្រូវបានចាត់ទុកថាមានចំណេះ ដឹងផ្នែកហិរញ្ញវត្ថុ៕EB