សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទីមួយ ដើម្បីឱ្យដឹងអំពីស្ថានភាពភូមិសាស្ដ្រ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ទិន្នន័យជំរឿនសេដ្ឋកិច្ច គឺជាផែនទីមួយ ដើម្បីឱ្យដឹងអំពីស្ថានភាពភូមិសាស្ដ្រ ហើយសំដៅទៅលើភូមិសាស្ដ្រនយោបាយ និងភូមិសាស្ដ្រសេដ្ឋកិច្ចជាដើម។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិ ស្តីពី លទ្ធផលចុងក្រោយនៃជំរឿន សេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២២ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ គឺជាផែនទីបង្ហាញផ្លូវយ៉ាងសំខាន់ ក្នុងការវិភាគ និងប្រើប្រាស់ទិន្នន័យត្រឹមត្រូវសម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ។
សម្ដេចធិបតី មានប្រសាសន៍ថា «ទិន្នន័យ គឺសំខាន់ វាជាផែនទី និងត្រីវីស័យ សម្រាប់យើង ផែនទីត្រង់ថា ឱ្យយើងដឹងអំពីស្ថានភាពភូមិសាស្ដ្រ ហើយស្ថានភាពភូមិសាស្ដ្រ មិនសំដៅទៅលើតែភូមិសាស្ដ្រនៅលើដីនោះទេ ភូមិសាស្ដ្រនយោបាយ, ភូមិសាស្ដ្រសេដ្ឋកិច្ច-ធូរកិច្ច ឱ្យដឹងថា តើនៅក្នុងស្ថានភាពជុំវិញយើងនេះ មានលក្ខណៈយ៉ាងណា? សម្បីធូរកិច្ច ក៏ត្រូវដឹងស្ថានភាព នៃចំណង ចំណូលចិត្តរបស់អតិថិជន»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ដថា ការគ្រប់គ្រង់ទិន្នន័យនេះ មានសារសំខាន់ណាស់ ហើយក៏មានក្រុមហ៊ុនជាច្រើន នៅលើពិភពលោក បានវិនិយោគក្នុងទិន្នន័យនេះ។ សម្ដេច បន្ថែមថា ទិន្នន័យជំរឿនសេដ្ឋកិច្ចពិតជាមានសារៈសំខាន់យ៉ាងខ្លាំង ដោយជួយឱ្យអ្នកធ្វើគោលនយោបាយអាចមើលឃើញ ធ្លុះស៊ីជម្រៅទៅក្នុង រចនាសម្ព័ន្ធ, ជីវភាព និងសមិទ្ធកម្មនៃសេដ្ឋកិច្ចមួយ ផងដែរ។
គួរបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ត្រូវបានធ្វើឡើងគោលបំណងចងក្រងស្ថិតិមូលដ្ឋានគ្រឹះស្តីពីអង្គភាពសេដ្ឋកិច្ច និងបង្កើតបញ្ជីមេនៃអង្គភាពសេដ្ឋកិច្ចនៅកម្ពុជា ដែលផ្តល់នូវព័ត៌មានសំខាន់ៗស្តីពីស្ថានភាពនៃសកម្មភាព និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដល់អ្នករៀបចំគោលនយោបាយ អ្នករៀបចំផែនការ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធដទៃទៀត៕EB