ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា ដរាបណា សម្ដេច នៅធ្វើជានាយករដ្ឋមន្រ្តី គឺមិនអនុញ្ញាតឲ្យមានច្បាប់ដាំកញ្ឆានៅប្រទេសកម្ពុជា ជាដាច់ខាត ព្រោះពិបាកគ្រប់គ្រង។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាថ្មីម្តងទៀតមិនអនុញ្ញាតឱ្យមានការដាំកញ្ឆានៅកម្ពុជានោះឡើយ។ 

សម្ដេច មានប្រសាសន៍ថា «ថ្មីៗនេះ មាន ២ ឬ៣នាក់ទៀត ចេះមកសួរខ្ញុំ សូមច្បាប់វិនិយោគដាំកញ្ឆា គេថា អាហ្នឹង គេដាំដើម្បីបម្រើឲ្យវិស័យសុខាភិបាល ស្រុកគេធ្វើ ប្រទេសជិតខាងគេធ្វើ ។ គេធ្វើជារឿងរបស់គេ សម្រាប់ខ្ញុំ ប្រាប់ថា ដរាណា ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ច្បាប់នេះ (ច្បាប់ដាំកញ្ឆា) ខ្ញុំ អត់ឯកភាពទេ» ។

ការបញ្ជាក់មិនអនុញ្ញាតឱ្យមានច្បាប់ដាំកញ្ឆានេះ បើតាម សម្តេចធិបតី ហ៊ុន ម៉ាណែត គឺដោយសារមានអ្នកផ្តល់យោបល់ និងមានបំណងចង់ឱ្យមានច្បាប់អនុញ្ញាតដាំកញ្ឆានៅកម្ពុជា ។ សម្ដេច ថា សម្ដេច ក៏មិនអនុញ្ញាតជាដាច់ខាត បើទោះបីជាប្រទេសជិតខាងគេមានការអនុញ្ញាតឱ្យដាំដើម្បីជាវត្ថុធាតដើមសំរាប់ផលិតឱសថក៏ដោយ។ សម្តេច ថា «បើឲ្យមានច្បាប់ដាំ ច្បាស់ជាមិនអាចគ្រប់គ្រងបានទេ និងមានការយកទៅជក់ ឬផលិតជាគ្រឿងញៀន»។

សម្ដេច នាយករដ្ឋមន្ដ្រី បានថ្លែងផ្តាំទៅដល់វិនិយោគិនបរទេសទាំងឡាយណា មានបំណងចង់មកវិនិយោគដាំកញ្ឆានៅកម្ពុជា  កុំចាំបាច់ចំណាយពេលធ្វើដំណើរមកកម្ពុជា ព្រោះដាច់ខាត គឺមិនអនុញ្ញាតឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ