សម្ដេចតេជោ ហ៊ុន សែន តបទៅលោក សុខ ទូច ថា គួរតែខិតខំគ្រប់គ្រងមន្ត្រីរបស់ខ្លួន ជាជាងចង់កែទម្រង់រាជរដ្ឋាភិបាល ឱ្យដើរថយក្រោយ
កំពត៖ ករណីចង់ស្នើរាជរដ្ឋាភិបាលបើកលុយសុទ្ធឡើងវិញដោយលោកសុខ ទូច នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បាន ឆ្លើយតបថា «ធ្វើមិនបាន» និងប្រាប់ទៅលោក សុខ ទូច វិញថា គួរតែខិតខំគ្រប់គ្រងមន្ត្រីខ្លួនឯងវិញប្រសើរជាងចង់កែទម្រង់ឱ្យរាជរដ្ឋាភិបាលដើរថយក្រោយ។
ពិធីបើកការដ្ឋានស្ដារនិងលើកកម្រិតគុណភាពផ្លូវកំពត-កែប ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «សុំបញ្ជាក់ទៅកាន់មន្ត្រីរាជការថាកុំយល់ថាខ្ញុំធ្វើតាម សុខ ទូច»។
សម្ដេចតេជោថា ការបើកលុយសុទ្ធបង្កមានបញ្ហាជាច្រើន និងហួសសម័យហើយ ដោយប្រាប់ទៅបណ្ឌិត សុខ ទូច ថាត្រូវពង្រឹងការគ្រប់គ្រងនៅរាជបណ្ឌិតសភាវិញជាជាងមកចង់ឱ្យរដ្ឋាភិបាលដើរត្រលប់ថយក្រោយវិញ។
សម្ដេចតេជោ បន្ថែមថា «អាបើកលុយផ្ទាល់នេះបង្កើតនូវបញ្ហាច្រើនណាស់។ គ្រាន់តែយើងបើកលុយតាមធនាគារយើងបានបណ្ដេញមន្ត្រីខ្មោចជាង ៣ម៉ឺននាក់» សម្ដេចសង្ឃឹមថាលោក សុខ ទូច ពិចារណាបញ្ហានេះឡើងវិញ៕EB