ក្រចេះ ៖ អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) បានចេញសេចក្ដីថ្លែងការណ៍មួយ អំពីការបាត់បង់សត្វផ្សោតអ៊ីរ៉ាវាឌីញីមួយក្បាល ហើយបានអំពាវនាវចាំបាច់ ត្រូវបង្កើនការពង្រឹងការអនុវត្តច្បាប់ដោយតឹងរ៉ឹង និងទៀងទាត់ជាបន្ទាន់ ដើម្បីជួយសង្រ្គោះសត្វផ្សោតទន្លេមេគង្គ ពីការឈានទៅផុតពូជ។

សេចក្តីថ្លែងការណ៍របស់អង្គការ WWF នៅថ្ងៃទី ២៣ ខែធ្នូនេះ បានឲ្យដឹងថា រដ្ឋបាលជលផល និងអង្គការ WWF មានទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់សត្វផ្សោតមួយក្បាល ដែលត្រូវបានគេប្រទះឃើញងាប់ នៅក្នុងឃុំកោះទ្រុង ក្រុងក្រចេះ ខេត្តក្រចេះ។ សាកសពសត្វផ្សោត ត្រូវបានរកឃើញដោយប្រជាពលរដ្ឋមួយរូប នៅក្នុងក្រុងក្រចេះ បន្ទាប់ពីសាកសពបានអណ្តែតតាមទឹកទន្លេ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២។ ប្រជាពលរដ្ឋរូបនេះ ក៏បានរាយការណ៍ភ្លាមៗពីហេតុការណ៍ដ៏សោកសៅនេះ ជូនដល់បុគ្គលិកនៃអង្គការ WWF ប្រចាំខេត្តក្រចេះ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ។

សត្វផ្សោត ដែលបានងាប់នោះ ជាសត្វផ្សោតញីពេញវ័យមានប្រវែង ១៩៣សង់ទីម៉ែត្រ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ មានទម្ងន់ប្រហែល ៨៥ គីឡូក្រាម។ បន្ទាប់ពីបានពិនិត្យសាកសពសត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវ នៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតបានងាប់ ក្រោយពីបានជាប់នឹងមងនេសាទ ដោយសារក្រុមស្រាវជ្រាវ បានរកឃើញស្លាកស្នាមនៃសរសៃមង នៅលើផ្ទៃកន្ទុយរបស់វា។

ជាមួយនឹងឧបទ្ទវហេតុដ៏សោកសង្រេងនេះ វាជាសត្វផ្សោតទី ១០ ហើយដែលបានងាប់ក្នុងឆ្នាំ ២០២២ និងជាសត្វផ្សោតទី ២៨ ដែលបានបាត់បង់ជីវិតក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ ការដែលសោកស្តាយខ្លាំងបំផុត គឺនៅពេលសត្វផ្សោតញីពេញវ័យ ដែលមានសុខភាពល្អដូចសត្វផ្សោតញីមួយក្បាលនាពេលនេះ បានបាត់បង់ជីវិត ព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាព នៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ