រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការអនុញ្ញាតឲ្យមន្ដ្រីរាជការ និយោជិត កម្មករ ឈប់សម្រាកការងារ ចាប់ពីថ្ងៃទី១៧ដល់២១ សីហា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យស្តីពី ការអនុញ្ញាតឲ្យ មន្ត្រីរាជការ កម្មករ និយោជិត ឈប់សម្រាកការងារ ចាប់ពីថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីសងថ្ងៃបុណ្យចូលឆ្នាំថ្មី។
ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ឈប់សម្រាកការងារនៅ ថ្ងៃទី១៧ ទី១៨ ទី១៩ ទី២០ និងទី២១ ខែសីហា ឆ្នាំ២០២០ ដើម្បីសងថ្ងៃឈប់សម្រាកការងាររបស់មន្ត្រី រាជការ និយោជិត កម្មករ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ដែលត្រូវបានលើកដោយ អនុក្រឹត្យលេខ៥០ អនក្រ.បក ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ស្ដីពីការលើកការឈប់សម្រាកការងាររបស់ មន្ត្រីរាជការ និយោជិត កម្មករ នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០។
រាជរដ្ឋាភិបាល បន្ថែមថា រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋមន្ដ្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕EB