សម្តេចតេជោ បញ្ជាដល់មន្ដ្រីសុរិយោដីទូទាំងប្រទេស ត្រូវចេញប្លង់ដីកម្មសិទ្ធិ ជូនប្រជាពលរដ្ឋឲ្យឱ្យបានឆាប់រហ័ស
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំឲ្យលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាទៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់នៅតាមបណ្ដារាជធានីខេត្ត ជំរុញការចេញប្លង់ដីកម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានឆាប់។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការដោះស្រាយប្លង់ដីកម្មសិទ្ធិនេះ ជារឿងចាំបាច់ចំពោះប្រជាពលរដ្ឋ ដែលជាសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ដើម្បីចៀសវាងការកើតឡើង នូវបញ្ហានានា។
សម្ដេចតេជោ បញ្ជាក់ថា «សូមឱ្យអស់លោកយកចិត្តទុកដាក់ជំរុញ ជាពិសេសអភិបាលខេត្ត ប្រធានសុរិយោដី ប្រធានគណៈកម្មការដីថ្នាក់ខេត្ត ធ្វើកិច្ចការនេះឲ្យបានខ្ជាប់ខ្ជួន ដោះស្រាយបញ្ហាទាក់ទងទៅនឹងបញ្ហាដីរបស់ប្រជាជន ដីរដ្ឋ ដីសហគមន៍ក៏ត្រូវមើល ហើយដីប្រជាជនដែលមិនទាន់ចុះបញ្ជី ជូនពួកគាត់ដែលចាត់ទុកថា ជាសេវាចាំបាច់ ឬសេវាតម្រូវការតែម្ដង»៕EB