ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាដល់អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវក្រើនរំលឹកដល់សាធារណជន បន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេសទប់ស្កាត់មេរោគបំប្លែងថ្មី ប្រភេទ អូមីក្រុង ក្នុងសហគមន៍។

តាមសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃទី១៧ កុម្ភៈ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «គណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តវិធានការ សុវត្ថិភាពសុខាភិបាល ក៏ដូចជាបង្កើនការយកចិត្តទុកដាក់ ក្នុងការក្រើនរំលឹក អប់រំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជន ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរបៀបនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ជាពិសេស ការបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាលផ្សេងទៀត ជាអាទិ៍ ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព និងការធ្វើអនាម័យជាប្រចាំ»។

សម្ដេច បន្ដថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស អភិបាលរាជធានី-ខេត្ត និងយន្តការដែលមានពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយអំពីភាពចាំបាច់នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលនៅតែត្រូវបានចាត់ទុកថាជាវិធានការគន្លឹះសម្រាប់ប្រយុទ្ធនឹងមេរោគកូវីដ-១៩ ប្រភេទអូមីក្រុងនេះ ហើយ ត្រូវបន្តជំរុញឲ្យប្រជាជននៅក្នុងមូលដ្ឋានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន ទាំងដូស ជំរុញ ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការវិវត្តទៅរកភាពធ្ងន់ធ្ងរ និងការស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩។ 

សម្ដេច បន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តធ្វើការអប់រំ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់សាធារណជន និងបន្តយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាព នៃការអនុវត្ត «នីតិវិធីប្រតិបត្តិស្តង់ដាសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ» និង គោលការណ៍ណែនាំស្តីពីនីតិវិធីប្រតិបត្តិស្តង់ដាផ្សេងទៀតដែលនៅជាធរមាន សម្រាប់ការបើកដំណើរការ ឡើងវិញនូវសកម្មភាពសង្គម-សេដ្ឋកិច្ចតាមវិស័យនីមួយៗ សំដៅធានាបាននូវការទប់ស្កាត់ និងការកាត់បន្ថយ ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា យន្តការដែលមានការពាក់ព័ន្ធ ត្រូវបន្តខិតខំស្រាវជ្រាវស្វែងរក ដើម្បីទទួលបាននូវឱសថដែល មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាលនិងមធ្យម ទាំងកម្រិតធ្ងន់ និងត្រូវធានាថា ឱសថមាននៅក្នុងស្តុកគ្រប់គ្រាន់ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ព្រមទាំងធានាឲ្យមាននូវការផ្គត់ផ្គង់ និង ចែកចាយឱសថដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្រាន់ និងទូលំទូលាយ ក្នុង តម្លៃសមរម្យ ដល់សាធារណជន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ