ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា តាមប្រព័ន្ធវីដេអូ ។

ថ្លែងនាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «កម្ពុជាមិនមែនជារដ្ឋក្ស័យធនទេ រាជរដ្ឋាភិបាលកម្ពុជា បានសន្សំថវិកាប្រមាណ ៣ពាន់លាន ដុល្លារសហរដ្ឋអាមេរិក ហើយថវិកានេះ រាជរដ្ឋាភិបាល បានប្រើប្រាស់ក្នុងវិស័យសង្គមរួចទៅហើយ។ ជាងនេះទៀត កម្ពុជាមានសាច់ប្រាក់គ្រប់គ្រាន់សម្រាប់បើកបៀវត្សប្រចាំខែជូនមន្ត្រីរាជការ មិនដូចការឃោសនាបោកប្រាស់របស់ជនអគតិ ១ក្តាប់តូចនោះទេ»។

សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងបរិបទកូវីដ-១៩នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាក្នុង ១ខែចំនួន ៤០លាន ដុល្លារសហរដ្ឋអាមេរិក ជួយដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ប្រមាណជាង ៧០ម៉ឺនគ្រួសារ និងកម្មករដែលបាត់បង់ការងារ ដោយរដ្ឋបានចំណាយក្នុង១ខែកម្មករម្នាក់ ៤០ ដុល្លារ បូកនឹងថវិកាថៅកែរោងចក្រ ៣០ ដុល្លារទៀត បានសរុប ៧០ ដុល្លារ ព្រមទាំងកម្មករក្នុងវិស័យសណ្ឋាគារ ម្នាក់ ៤០ ដុល្លារ ក្នុង ១ខែ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ