សម្ដេចតេជោ រកឃើញអ្នកចាក់វ៉ាក់សាំង ទី៤លាន ឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាយុទ្ធជនពិការ នៅស្រុកបុទុមសាគរ នឹងទទួលថវិកា ១០លានរៀល
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដរកឃើញអ្នកចាក់វ៉ាក់សាំង ទី៤លាននាក់ ឈ្មោះ សូ សយ អាយុ៦៥ឆ្នាំ ជាយុទ្ធជនពិការ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង នឹងទទួលរង្វាន់ ១០លានរៀល និងសម្ភារៈមួយចំនួនទៀតពី សម្ដេចតេជោ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្អែកនេះ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់ ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះ យើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃ រស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុក បុទុមសាគរ ខេត្តកោះកុង»។
សម្ដេចតេជោ ក៏បានអបអរសាទរ និងជួយឧបត្ថម្ភនូវថវិកា ចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀត ដូចមនុស្សទី១លាន ទី២លាន និងទី៣លាន ផងដែរ។ សម្ដេចថា លោកស្រី ឱ វណ្ណឌីន នឹងនាំសម្ភារៈ និងថវិកា ជូន លោក សូ សយ និងក្រុមគ្រួសារដោយផ្ទាល់ នាថ្ងៃស្អែកនេះ។
សម្ដេចតេជោ បញ្ជាក់ទៀតថា «សូមអរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង»។
សម្ដេចតេជោ ក៏បានអរគុណចំពោះមិត្តចិន ដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើឲ្យកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង ៤០ភាគរយ នៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយ ចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ ក៏មិនអាចចាក់បានផង ហើយច្បាស់ជាកំពុងស្ថិត នៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ៕