ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់រយៈពេល៣ ខែបន្ថែមទៀត ចាប់ពីខែកក្កដា ដល់កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល អំពីវិធានការបន្ថែម ដើម្បីបន្ដគ្រប់គ្រងផល ប៉ះពាល់លើវិស័យសំខាន់ នៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអំឡុង និងក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៩) ចេញផ្សាយនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១។

រាជរដ្ឋាភិបាល បញ្ជាក់ថា «បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ សម្រាប់រយៈពេល ៣ ខែបន្ថែមទៀត ពីខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ ២០២១ ។ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវសេចក្ដីណែនាំនេះ ទៅតាមសមត្ថកិច្ចរបស់ខ្លួន ឱ្យមាន ប្រសិទ្ធភាពខ្ពស់បំផុត»។

រាជរដ្ឋាភិបាល ក៏បានបន្តតាមដានជាប់ជាប្រចាំក្រោមស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ នូវស្ថានភាពន ជំងឺកូវីដ-១៩, លើស្ថានភាពសង្គម-សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌសកល តំបន់ និងប្រទេស ដើម្បី ពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើ បច្ចុប្បន្នភាព និងត្រៀមដាក់ចេញនូវវិធានការថ្មីៗបន្ថែមចាំបាច់នានា សំដៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសធានាចីរភាពនៃភាពស៊ាំសង្គម-សេដ្ឋកិច្ច ក្រោមក្របខណ្ឌផែនការយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើង វិញ ក្នុងអំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៥០,៣៨៥នាក់ ក្នុងនោះ អ្នកជាសះស្បើយ ចំនួន ៤៤,១៤៣នាក់ និងស្លាប់ ចំនួន៦០២នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ