ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសសារជាថ្មីថា ប្រជាពលរដ្ឋខ្មែរ គាំទ្រគណបក្សប្រឆាំង ឬជេររាជរដ្ឋាភិបាល នៅក្រៅប្រទេស មិនធ្លាប់មានដីការតុលាការតាមចាប់ខ្លួននោះ គឺមកលេងប្រទេសកម្ពុជា ដោយសេរី។ 

ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១,០៤៩នាក់ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវពលរដ្ឋខ្មែររស់នៅក្រៅប្រទេស សូមវិលត្រលប់មកលេង និងទស្សនាកម្ពុជា ដើម្បីមើលការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) និងព្រឹត្តិការណ៍អង្គរសង្ក្រាន្តអមអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខឆាប់ៗនេះ។

សម្ដេចតេជោ បន្ដថា សម្ដេច អំពាវនាវបែបនេះ ដើម្បីឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ចៀសវាងនូវការចាញ់បោកណាមួយ នូវការឃោសនាអកុសលរបស់ក្រុមប្រឆាំង ដែលគេចង់មួលបង្កាច់សភាពការណ៍ប្រទេសកម្ពុជា។ សម្ដេច ថា មានពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេស មានការព្រួយបារម្ភ មិនហ៊ានចូលស្រុក ក្រោយធ្លាប់គាំទ្រគណបក្សប្រឆាំង ឬជេររាជរដ្ឋាភិបាល។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ សូមយកឱកាសនេះ បញ្ជាក់បន្ដិច ប្រទេសនេះ គឺជាប្រទេសកម្ពុជា គឺជាប្រទេសទាំងអស់គ្នា អ្នកដែលមិនដីការតុលាការ តាមចាប់ខ្លួនទេ អ្នកនោះ ទោះបីធ្លាប់បានជេររដ្ឋាភិបាល អត់មានពាក្យបណ្ដឹងណាទៅតុលាការទេ គឺអ្នកនោះមកបាន គឺអត់មានបញ្ហាអ្វីទេ»។

សម្ដេចតេជោ ហ៊ុន សែន រំលឹកថា កន្លងមក សម្ដេច ធ្លាប់ប្រកាសលើកលែងទោសដល់មន្ត្រីគណបក្សប្រឆាំង ដែលកំពុងគេចខ្លួន រស់នៅក្រៅប្រទេសដែរ បើសិនជាពួកគេព្រមផ្ដាច់ខ្លួន ចេញពី បណ្ឌិត សម រង្ស៊ី។

ជាមួយគ្នានេះ សម្ដេចតេជោ បានលើកឡើងថា នាពេលថ្មីៗនេះលោកស្រី ហែម ចន្ថារ អ្នកគាំទ្រគណបក្សប្រឆាំងនៅក្រៅប្រទេស បានសុំទោស សម្ដេច ក្រោយធ្លាប់វាយប្រហារមកលើរាជរដ្ឋាភិបាល ហើយក៏សុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា សម្ដេច ក៏បានយល់ព្រមផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ