ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវពិភាក្សាគ្នាជាបន្ទាន់ជាមួយម្ចាស់រោងចក្រ ដើម្បីដោះស្រាយបញ្ហាកម្មករ-កម្មការនី ដែលត្រូវបានព្យួរការងារ នាពេលកន្លងទៅ។

ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មីជិត ២ពាន់នាក់ នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេច ទទួលបានព័ត៌មានមួយពីសហជីពថា «ចំនួនរោងចក្រដែលព្យួរការងារ មានការកើនឡើង ហើយកម្មករ-កម្មការនី បានស្នើសុំជួយអន្តរាគមន៍»។

សម្ដេច ក៏បានណែនាំឲ្យលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវរស់រានដោះស្រាយបញ្ហានេះឱ្យបានលឿន ដោយអនុវត្តចាប់ពីខែមេសា តទៅ។

សម្ដេច បានថ្លែងថា «ខ្ញុំបានបញ្ជូនបញ្ហានេះ ទៅឯកឧត្ដម អ៊ិត សំហេង និងឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ចឹងពិភាក្សាគ្នាដើម្បីឆ្លើយតបលើបញ្ហានេះ វាមិនច្រើនដូចសម័យកូវីដទេ។ ចឹងសម្រាប់កម្មករ ដែលព្យួរការងារ យើងត្រូវពិភាក្សាជាមួយនឹងម្ចាស់រោងចក្រ យើងធ្វើដូចសម័យកូវីដ រាជរដ្ឋាភិបាល ៤០ ម្ចាស់រោងចក្រ ៣០ ហើយគួរត្រូវបានអនុវត្តចាប់ពីខែមេសា»។

ឆ្លៀតឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី រំលឹកថា នៅពេលកូវីដ-១៩ កំពុងផ្ទុះឡើង មានកម្មកររាប់លាននាក់ អត់ការងារធ្វើ នៅទូទាំងពិភពលោក។ សម្តេច បន្ដថា ក្នុងនោះ ក៏មានកម្មករមួយចំនួននៅកម្ពុជា អត់ការងារធ្វើរាប់ឆ្នាំ តែមានលទ្ធភាពធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល និងរោងចក្រ។ សម្តេច បញ្ជាក់ថា  «លុយធ្វើបាតុកម្មនោះ បានមកពីណា? ចែកដល់បាតុករកន្លែងណា? ក៏ដឹងដែរ កម្ពុជាមិនល្ងង់ទេ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ