ភ្នំពេញ ៖ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអះអាងជាថ្មី នូវការប្តេជ្ញាចំពោះការអនុវត្តដោយពេញលេញ និងប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសឹប) ក្នុងគ្រប់ទិដ្ឋភាព ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសឹប បណ្តោះអាសន្នជាអង្គភាពគាំទ្រ នៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយជាលេខាធិការដ្ឋានអាសឹបដាច់ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែកដល់របៀបវារៈសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាន នៅក្នុងអាក្លឹប។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអះអាងជាថ្មីបែបនេះក្នុងឱកាស កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣នេះ។

ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានប្រជុំលើ សហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមេដឹកនាំអាស៊ានបានស្វាគមន៍សមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់ឥណ្ឌូនេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាពជាប្រធានអាស៊ានរបស់ខ្លួន រួមមាន ១ ការស្តារ និងការកសាងឡើងវិញ ២ សេដ្ឋកិច្ចឌីជីថល និង ៣ ចិរភាពដើម្បីដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានានូវការស្តារ និងការកសាងឡើងវិញរបស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀតសម្រាប់អាស៊ានដែលជាស្នូលនៃកំណើន តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថលដែលប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ស្ថិរភាពហិរញ្ញវត្ថុ ថាមពល និងសន្តិសុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ