ភ្នំពេញ៖ បើគ្មានអ្វីប្រែប្រួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Astra Zeneca  ចំនួនប្រមាណ៣០ម៉ឺនដូស ដែលរដ្ឋាភិបាលជប៉ុន ផ្ដល់ជូនភាគីកម្ពុជា  ក្រោមការរៀបចំភ័ស្តុភារដោយ COVAX Facility និងគាំទ្រដោយអង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោក នឹងដឹកមកដល់កម្ពុជា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

តាមរយៈការផ្ដល់ជូននេះ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ការសម្រេចនេះធ្វើឡើង ស្របតាមចំណងមិត្តភាព រវាងជប៉ុន និងកម្ពុជា។

លោកទូតសង្ឃឹមថា ជំនួយនេះនឹងរួមចំណែកបន្ថែមទៀត ដល់ជំហានឆ្ពោះទៅរក ការងើបឡើងវិញ នៃសង្គម និងសេដ្ឋកិច្ច  ក៏ដូចជាកាត់បន្ថយ ការព្រួយបារម្មណ៍មួយចំនួន របស់ប្រជាជនកម្ពុជា។

លោកបន្ថែមថា ប្រឈមមុខនឹងការរីករាលដាល នៃមេរោគឆ្លងថ្មី ដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់វ៉ាក់សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាល គឺជាអាទិភាពចំបងសម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។  មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយសរុបប្រមាណ ច្រើនជាង៦០លានដុល្លារអាមេរិក ដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រតាមរយៈ អង្គការអន្តរជាតិនានា សម្រាប់វិធានការទប់ស្កាត់ ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារ សម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំង ឲ្យបានត្រឹមត្រូវផងដែរ។ 

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថា ជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងការគាំទ្រ ហិរញ្ញវត្ថុដល់ប្រជាជន ដែលរងផលប៉ះពាល់ ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹង ប្រព័ន្ធសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះ លោកទូត បានសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ ចំពោះអ្នកជំនាញសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលទាំងអស់ ដែលកំពុងតែចាត់វិធានការ ប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយលោកក៏សូមបួងសួងជូនពរ ដល់ប្រជាពលរដ្ឋទាំងអស់ ដែលបាននិងកំពុងតែខិតខំប្រឹងប្រែង ប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។

លោកថា ក្នុងការប្រយុទ្ធប្រឆាំងនៃកូវីដ១៩  ប្រទេសជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជា ដែលជាមិត្តដ៏សំខាន់របស់យើង។

 លោកសង្ឃឹមថា ស្ថានភាពសកលលោក រួមទាំងកម្ពុជានឹងអាចល្អប្រសើរឡើង ក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូរទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ក៏ដូចជាក្នុងពិភពលោក នឹងអាចចាប់ផ្តើមឡើងវិញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ