ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យក្រសួងសុខាភិបាល រៀបចំទីកន្លែងសម្រាប់ព្យាបាល កីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែចាប់ពី១០០ ទៅ ២០០គ្រែ ហើយការព្យាបាលមិនតម្រូវឱ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ផងដែរ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នាពេលកន្លងមកមានកីឡាករ-កីឡាការិនី មួយចំនួនបានរងរបួសដោយការប្រកួត ពិសេសកីឡាបាល់ទាត់ និងប្រដាល់។ សម្ដេច បន្ដថា ក្រោយត្រូវរបួសបែបនេះ ហើយជួបការលំបាកក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជន ដោយរាប់ទាំងការលំបាកលើថវិកា លើការព្យាបាល ជាញឹកញាប់ ភរិយាសម្ដេច បានផ្តល់នូវការឧបត្ថម្ភសម្រាប់ការព្យាបាល ចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។

សម្ដេចតេជោ បញ្ជាក់ថា «ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំ បានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង និងលោកជំទាវ យក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល កីឡាករ កីឡាការិនី នៅមន្ទីរពេទ្យជាតិតេជោសន្តិភាព ដែលមានចំនួនគ្រែពី១០០ ទៅ ២០០គ្រែ។ ការព្យាបាលមិនតម្រូវឱ្យមានការបង់ប្រាក់ និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាមស្ថានភាពរបួស»។

សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំក្រសួងសុខាភិបាល រៀបចំឱ្យបានឆាប់ ដែលនឹងអាចចូលរួមផងដែរដល់ការប្រកួតស៊ីហ្គេមនាពេលខាងមុខ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ