ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលបឋម នៃការសិក្សាគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿនដំបូងគេបំផុត នៅកម្ពុជា ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

គម្រោងលើកកម្រិតផ្លូវរថភ្លើង ភ្នំពេញ-ប៉ោយប៉ែតនេះ សិក្សាដោយក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធពីចម្ងាយជាមួយក្រុមការងារជំនាញនៃក្រុមហ៊ុន CRBC។

តាមរយៈការសិក្សាបឋមនេះ បានបញ្ជាក់ថា «គម្រោងនេះមានប្រវែងសរុបប្រមាណ ៣៨២គីឡូម៉ែត្រ ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងក្បាល និងទូរថភ្លើងសម្រាប់ដំណើរការ និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ផ្លូវរថភ្លើងល្បឿនលឿននេះ មានខ្នាតទទឹងប្រវែង ១.៤៣៥ មម ល្បឿនសម្រាប់ធ្វើចរាចរណ៍គឺ ១៦០គ.ម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ សម្រាប់ដំណើរការ (ស្ថានីយចំនួន១៩ ក្នុងផែនការរយៈពេលខ្លី និងគ្រោងបន្ថែមចំនួន ១៤ទៀត ក្នុងផែនការរយៈពេលវែង)»។

ក្នុងនោះដែរ ខ្សែររថភ្លើងត្រូវបំពាក់ប្រភេទក្បាលរថភ្លើង ដែលដំណើរការដោយថាមពលអគ្គិសនី ដោយមានការសាងសង់ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ និងមានបែងចែកដាច់ពីគ្នា រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ នៅភូមិសាស្ត្ររាជធានីភ្នំពេញ (មួយនៅស្ថានីយភ្នំពេញសម្រាប់អ្នកដំណើរ និងមួយទៀតនៅស្ថានីយសំរោងសម្រាប់លើកដាក់ទំនិញ)។

យោងតាមសំណើសុំធ្វើការសិក្សាសមិទ្ធិលទ្ធភាពគម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន របស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចផ្ដល់គោលការណ៍អនុញ្ញាតឱ្យមានការសិក្សាគម្រោងនេះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២កន្លងទៅ។

គម្រោងលើកកម្រិតផ្លូវរថភ្លើងភាគខាងជើង ភ្នំពេញ-ប៉ោយប៉ែត ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន គឺជាគម្រោងដែលផ្តោតចម្បងលើសេវាដឹកជញ្ជូនអ្នកដំណើរ និងដឹកទំនិញអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក៏ដូចជាការដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមខ្សែបណ្ដោយ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ