ភ្នំពេញ ៖ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកម្ពុជា គ្រោងបើក មជ្ឈ មណ្ឌលផ្តល់ការប្រឹក្សាពីការអប់រំ នៅសហរដ្ឋអាមេរិកមួយទៀត នៅខេត្តសៀមរាប។
ក្នុងជំនួបពិភាក្សាជាមួយនិសិ្សតកម្ពុជា ចំនួន២០នាក់ នៅខេត្តសៀមរាប នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២០ លោក W. Patrick Murphy បានថ្លែងថា « ស្ថានទូតសហរដ្ឋ អាមេរិក គ្រោងបើកឲ្យ មានមជ្ឈមណ្ឌលផ្តល់ការប្រឹក្សាពីការអប់រំ នៅសហរដ្ឋអាមេរិកមួយទៀត នៅខេត្តសៀមរាប ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រ ក្នុងគោលបំណង ផ្តល់ឱកាស ឱ្យនិសិ្សតនៅក្នុងខេត្តសៀមរាប ដែលមានបំណងទៅសិក្សា នៅសហរដ្ឋអាមេរិក អាចមក ទទួលការប្រឹក្សា និងទទួលបានព័ត៌មានថ្មីពីសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក»។
លោកក៏បានបង្ហាញពីទំនាក់ ទំនងការ ទូតរវាងអាម៉េរិក និងកម្ពុជា ដោយសហដ្ឋអាមេរិក បានផ្តល់ជំនួយដល់កម្ពុជា ដែលមានតាំង ពីដើមមកលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គឺផ្លូវជាតិលេខ៤។ ដោយគិតចាប់ តាំងពីទសវត្សរ៍ទី៩០មកទល់ពេលនេះ រដ្ឋាភិបាលអាម៉េរិកបានផ្តល់ជំនួយដល់ ប្រទេសកម្ពុជា ប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងជំនួយទាំងនោះក៏បានផ្តោត ទៅលើ យុវជនផងដែរ។
ជាមួយគ្នានេះដែរ តាមរយៈក្រសួងការបរទេសអាម៉េរិក ស្ថានទូតបាន ធ្វើការជ្រើសរើសកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងកម្មវិធីផ្លាស់ប្តូរនានាមានដូចជា កម្មវិធីគំនិតផ្តួចផ្តើមយុវជនតំបន់អាស៊ីអគ្នេយ៍( YSEALI) កម្មវិធីទស្សនកិច្ចភាពជាអ្នកដឹកនាំ (IVLP) ផ្តល់អារូបករណ៍ ហ្វុលប្រាយ (Fulbright) និង Humphrey ជាដើម។
សូមបញ្ជាក់ថា ដើម្បីជួយនិស្សិតកម្ពុជានៅក្នុងការស្វែងរកឱកាសសិក្សានៅសហរដ្ឋអាមេរិក ការិយាល័យកិច្ចការសាធារណៈនៃស្ថានទូតអាម៉េរិក បានបង្កើតឱ្យមានមជ្ឈមណ្ឌលផ្ដល់ការប្រឹក្សាដែលស្ថិតនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រនៃកម្ពុជា។ មណ្ឌលនេះមានឯកសារណែនាំស្ដីពីការសិក្សា ដែលបានមកពីស្ថាប័នសិក្សា និងសកលវិទ្យាល័យនានា នៅសហរដ្ឋអាមេរិក រួមទាំងសៀវភៅ ស៊ីឌី និងធនធានផ្សេងៗទៀត ក្នុងការជួយឱ្យលោក អ្នក ត្រៀមក្នុងការប្រលងភាសាអង់គ្លេសជាភាសាបរទេស TOEFL ការប្រលង SAT ការប្រលង GRE និង GMAT ៕