ការរចនាប្លង់រៀបចំកៅអីអង្គុយកីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ  ដែលជាកន្លែងត្រៀមស្វាគមន៍ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការហើយ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការត្រួតពិនិត្យ និងសម្រេចចុងក្រោយកាលពីពេលថ្មីៗ។

គម្រោងរចនាប្លង់រៀបចំកៅអីអង្គុយ ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដែលបានដាក់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ត្រួតពិនិត្យចុងក្រោយគឺមាន ៣ជម្រើស ហើយជាលទ្ធផលរាជរដ្ឋាភិបាលបានឯកភាពលើជម្រើសទី១ ដែលមានការរចនាឆ្លាស់ពណ៌ចំនួន ៣ គឺពណ៌ស ពណ៌ក្រហម និងពណ៌ខៀវទឹកសមុ ទ្រ។ លោក វ៉ាត់ ចំរើន បានឲ្យដឹងទៀតការរចនាចម្រុះពណ៌បែបនេះ នឹងរំលេចនូវសោភ័ណរបស់ពហុកីឡដ្ឋានជាតិមរតកតេជោទាំងមូល ពិសេសប្រៀបដូចមានទស្សនិកជនអង្គុយទស្សនាពេញស្តាត ដូចបណ្ដាលកីឡដ្ឋានធំៗលើពិភពលោកដែរ។ អ្វីដែលសំខាន់គឺការរចនាពណ៌ទាំង ៣ បញ្ចូលគ្នា ដោយផ្ដើមពីពណ៌ខៀវទឹកសមុទ្រ និងពណ៌គឺជាតំណាងឲ្យភាពរឹងមាំ និងជានិមិត្តរូបនៃការបើកបរនាវាមិត្តភាពរបស់កម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ទៅមុខយ៉ាងខ្លាំងក្លាតែម្ដង។

ការសាងសង់សំណង់ប្រវត្តិសាស្ត្រនេះបច្ចុប្បន្នសម្រេចបានប្រមាណ ៨៥% ហើយ ស្របពេលការសាងសង់គ្រោងនឹងបញ្ចប់នាខែឧសភា ឆ្នាំ២០២១។ ដូច្នេះការងារចំពោះមុខ ក្រុមការងារសាងសង់នឹងពន្លឿនការដំឡើងកៅអី ដើម្បីជំរុញការសាងសង់ឲ្យចប់សព្វគ្រប់តាមផែនការ នៃសមិទ្ធផលដ៏ធំសម្បើម ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិនក្នុងទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ និងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ