លោក ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគម្រោងបានគូសបញ្ជាក់ថា កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពតសម្រេច ការសាងសង់បានប្រមាណ៥០ភាគរយហើយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការនៅ ចុងឆ្នាំ២០២១ ខាមុខនេះ ដើម្បីរួមចំណែកលើកស្ទួយ វិស័យទេសចរណ៍នៅកម្ពុជា ឡើងវិញ។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ (GMS TIIG No. 3194-CAM(COL) និង (GMS TIIG II No. 3701-CAM(COL) នៅខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោក ថោង ខុន បានមានប្រសាសន៍ថា គម្រោងនេះផ្តោតសំខាន់លើការអភិវឌ្ឍវិស័យទេសចរណ៍ ហេដ្ឋារចនា សម្ព័ន្ធគាំទ្រវិស័យទេសចរណ៍ រួមមាន៖ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ប្រព័ន្ធ សម្អាតទឹកកខ្វក់ផ្សារក្តាម ផ្លូវតាមបណ្តោយឆ្នេរ និងទីលានសំណល់រឹង (ខេត្តកែប) ដែល ត្រូវអនុវត្តន៍ការងារបច្ចេកទេសសាងសង់ ដោយអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំគ្រប់គ្រងដោយក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងគម្រោង។ 

លោក រដ្ឋមន្រ្ដីបានលើកឡើងថា កិច្ចប្រជុំនេះក៏បានពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ក្នុងនោះអនុគម្រោងកំពង់ផែទេសចរណ៍អនុវត្តន៍បានប្រមាណ ៥០ភាគរយ ដោយគ្រោងបញ្ចប់ និងអាចបើកដំណើរការបាននៅចុងឆ្នាំ២០២១នេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ