កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងសិក្សាទៅលើគម្រោងខ្សែផ្លូវមេចំនួន ៣៨ខ្សែ សរុបប្រវែងប្រមាណ ៩៨,៣៤គីឡូម៉ែត្រ ក្នុងនោះផ្លូវពីរគន្លងមានប្រវែងប្រមាណ ៤៤គីឡូម៉ែត្រ និងផ្លូវបួនគន្លងមានប្រវែងប្រមាណ ៥៤គីឡូម៉ែត្រលាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀមរាប និងមួយផ្នែកនៃស្រុកបាគង ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។
ថ្លែងក្នុងឱកាសនោះដែរលោកទៀ សីហា អភិបាលខេត្តសៀមរាប បានឱ្យដឹងថា ខេត្តសៀមរាបជាខេត្តទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រ ហើយស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន ត្រូវធ្វើការជួសជុល និងកែលម្អឡើងវិញ ហើយគម្រោងខ្សែផ្លូវមេទាំង ៣៨ខ្សែដែលបានសិក្សានេះជាសរសៃឈាម និងជាបេះដូងរបស់ខេត្ត ដើម្បីកំណើនសេដ្ឋកិច្ច ទេសចរណ៍ និងសោភណ្ឌភាពរបស់ខេត្ត។
ជាមួយគ្នានោះលោកស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ដល់ពេលដែលត្រូវសិក្សារៀបចំផែនការមេ ដើម្បីធ្វើការជួសជុសកែលម្អឡើងវិញ ដូចក្រុងព្រះសីហនុឲ្យសាកសមជាទីក្រុងទេសចរណ៍ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ តាមរយៈភ្ញៀវទេសចរណ៍អន្តរជាតិ។ លើសពីនេះលោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកំពុងសិក្សាស្វែងរកប្រភពថវិកា ដើម្បីអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនេះ ម្យ៉ាងខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចក៏សំខាន់មួយរបស់កម្ពុជា និងជាតំបន់តភ្ជាប់ផ្លូវសេដ្ឋកិច្ចបាត់ដំបង-សៀមរាប។
សូមបញ្ជាក់ថាគម្រោងសិក្សាផ្លូវទាំង៣៨ខ្សែនេះ ជាបណ្តុំបណ្ដាញផ្លូវមេយ៉ាងប្រទាក់ក្រឡាក្នុងក្រុងសៀមរាប នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ក្នុងខេត្តសៀមរាប កាត់បន្ថយពេលវេលាក្នុងការដឹកជញ្ជូន និងចរាចរទំនិញគ្រប់ប្រភេទ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងលើកកម្ពស់សោភណ្ឌភាពទីក្រុងសៀមរាប ឱ្យសាកសមជាទីក្រុងទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។ ម្យ៉ាងទៀតគម្រោងផ្លូវនេះនឹងចូលរួមជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈតំបន់ទេសចរណ៍នានា ជាពិសេសតំបន់ភាគខាងត្បូង និងការធ្វើសមាហរណកម្មប្រជាពលរដ្ឋដែលនៅជាយក្រុងដាច់ស្រយាល មកកាន់តែជិតក្រុងតភ្ជាប់ទីប្រជុំជនក្រុងសៀមរាប ដោយកាត់បន្ថយគម្លាតរវាងប្រជាពលរដ្ឋក្នុងក្រុង និងតំបន់ដាច់ស្រយាលនៅជាយក្រុង៕SP