សម្តេចតេជោ ៖ ការវាយប្រហារលើក្រុមយុវជនបរិស្ថាន ដែលមកគាំទ្ររាជរដ្ឋាភិបាលវិញនោះ គឺខ្វះនូវការគោរព គោលការណ៍ប្រជាធិបតេយ្យ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការវាយប្រហារលើក្រុមយុវជនបរិស្ថាន ដែលធ្លាប់គាំទ្របក្សប្រឆាំង បែរមកគាំទ្ររាជរដ្ឋាភិបាលវិញនោះ គឺខ្វះនូវការគោរពគោលការណ៍ប្រជាធិបតេយ្យ។
ក្នុងពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី១១ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ប៉ុន្មានថ្ងៃមកនេះមានការជេរគ្នាតាមបណ្តាញសង្គម បន្ទាប់ពីក្រុមអង្កការយុវជនមួយចំនួនបានទៅជួបខ្ញុំ ហើយនិយាយថា ពួកគេនិយាយគេបានធ្វើសកម្មភាពច្រើនណាស់ ហើយក្នុងការប្រឆាំងរាជរដ្ឋាភិបាល ប៉ុន្តែពួកគេនោះអត់បានទទួលផលអីទាំងអស់ តែពេលនេះពួកគេបានសុំចូលជាមួយ គណបក្សប្រជាជនកម្ពុជា ហើយធ្វើការជាមួយរាជរដ្ឋាភិបាលវិញ»។
សម្តេចតេជោ បន្តថា នៅពេលចលនានេះផ្ដូរទិសពីការគាំទ្រក្រុមប្រឆាំង បែរជាមានការវាយប្រហារពីរក្រុមប្រឆាំងទៅលើយុវជនទាំងនោះ។ នេះជាការខ្វះ គោរពប្រជាធិបតេយ្យហើយ ពោលគឺនៅពេលគេគាំទ្រខ្លួនថា គេល្អ ដល់ពេលគេមកសហការណ៍ និងគាំទ្រជាមួយរដ្ឋាភិបាលក្នុងការការពារបរិស្ថាន។ ជាមួយគ្នានោះដែរ សម្តេចតេជោ ក៏បានឲ្យដឹងថា នៅពេល សម្តេច ជួបក្រុមយុវជនដែលធ្វើការខាងបរិស្ថាន ក៏បានសួរនាំពួកគេ ហើយសម្រេចឲ្យពួកគេធ្វើការងារនឹងបន្ត។
សម្តេចតេជោ បានបញ្ជាក់ថា «បើអ្នកគិតពីដំណើរប្រជាធិបតេយ្យ និងសិទ្ធិប្រជាពលរដ្ឋអំពីបញ្ហានយោបាយ អ្នកកុំវៃប្រហារកូនៗទាំងនេះ ។ វាមិនមែនជារឿងប្រជាធិបតេយ្យទេ គឺនៅ ពេលគេជេរវាយប្រហាររដ្ឋាភិបាល អ្នកថាល្អ ចាត់ទុកគេល្អ ដល់ពេលគេចូលជាមួយរដ្ឋាភិបាលដើម្បីធ្វើសកម្មភាពរបស់គេអ្នកឯងថាគេត្បត់លក់ឧត្តមគតិ ដែលចំណុចនេះមិនមែនជាដំណើរលទ្ធិប្រជាធិបតេយ្យទេ»៕EB