(មានវីដេអូ) សម្ដេចតេជោ ហ៊ុន សែន ៖ ការបើកប្រាក់ខែតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយបាន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ការបើកបៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធតាមប្រព័ន្ធធនាគារ អាចការពារសុវត្ថិភាពនៃការដឹកប្រាក់សុទ្ធផង ព្រមទាំងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយផងដែរ។
នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលពិធីនេះប្រារព្ធឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការបើកលុយសុទ្ធ ត្រូវការពារសុវត្ថិភាព នៃការដឹកលុយ។
សម្ដេចតេជោ បញ្ជាក់ឱ្យដឹងថា «យើងអនុវត្ត បើកប្រាក់វត្ស តាមប្រព័ន្ធធានាគារនេះ យើងរកឃើញមន្ដ្រីខ្មោចរាប់ម៉ឺននាក់ ដែលវាមានតែឈ្មោះ អត់មានមនុស្ស។ រីឯអ្នកខ្លះ មនុស្សម្នាក់ធ្វើការងារបីកន្លែង ធ្វើការនៅក្រសួងនេះ ឈ្មោះនេះ ធ្វើការនៅក្រសួងនោះ ឈ្មោះនោះ អញ្ចឹងទេយើងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ម្ខាងជំរុញល្បឿនៃដំណើរការ និងម្ខាងទៀត គឺរុញអនឡាញ និងបញ្ហាជីឌីថុលនេះ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្តលើកឡើងអំពីការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលធ្វើឡើងតាមប្រព័ន្ធធនាគារ ដោយមិនវិលត្រឡប់ទៅបើកជាសាច់ប្រាក់ទៀតឡើយ៕EB