ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងប្រុងប្រយ័ត្នអំពោះអគ្គិភ័យ នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះ។

នាឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ប្រជាពលរដ្ឋគ្រប់រូប ចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នាផងដែរ។ 

សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា «កង្វល់ពិតប្រាកដ ប្រហែលជាមិនមែនកូវីដទេ កូវីដនៅតែជាកង្វល់ដែលអាចនឹងមានការឆ្លង ប៉ុន្ដែវាតិចតួចទេ កង្វល់ពិតប្រាកដដែលខ្ញុំ កំពុងតែខ្វល់នាពេលនេះ សម្រាប់ពេលបុណ្យចូលឆ្នាំចិន-វៀតណាមនេះ ទីមួយគ្រោះថ្នាក់ចរាចរណ៍ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង កុំឱ្យពេលចូលឆ្នាំនេះក្លាយជាបុណ្យខ្មោច»។

សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរជាប់ខ្សែចិន សូមសប្បាយរីករាយ ប៉ុន្ដែធ្វើយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្ដេច បន្ដថា ប្រជាពលរដ្ឋ ក៏ត្រូវប្រុងប្រយ័ត្ន ចំពោះអគ្គិសភ័យ ផងដែរ។

សម្ដេចតេជោ បញ្ជាក់ទៀតថា «សូមប្រយ័ត្នប្រយែងរឿងអគ្គិភ័យ ដោយសាររឿងសែន ដុតធុប ដើម្បីសែនដូនតានោះ នាំឱ្យពិបាកដល់អ្នកជិតខាង និងកម្លាំងនគរបាល»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ