សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជា អាចនឹងនាំចូលត្រីខកំប៉ុងពីម៉ាល់ឌីវ ដើម្បីបំពេញតម្រូវការបន្ថែម
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា កម្ពុជា អាចនឹងនាំចូលផលិត ផលត្រីខកំប៉ុងរបស់ប្រទេសម៉ាល់ឌីវ ដើម្បីយកបំពេញតម្រូវការបន្ថែម ខណៈកម្ពុជាមានតម្រូវការច្រើន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួម ពីវិមានប្រធានាធិបតីនៃសាធារណរដ្ឋម៉ាល់ឌីវ នៅថ្ងៃទី ១៦ ខែមករានេះថា ត្រីខកំប៉ុងរបស់ម៉ាល់ឌីវ អាចជាផលិតផលដំបូង ដែលមានលទ្ធភាពនាំចូលមកកាន់កម្ពុជាមុនគេ ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជាផង និងអ្នកទេសចរបរទេសនានាផង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ត្រីខកំប៉ុងប្រហែលជាលទ្ធភាពច្រើនជាងគេ ក្នុងការនាំទៅកាន់កម្ពុជាមុនគេ ព្រោះក្នុងមួយឆ្នាំៗ គឺកម្ពុជាប្រើត្រីខកំប៉ុងច្រើនណាស់ គ្រាន់តែប៉ុន្មានខែមុននេះ ខ្ញុំប្រើត្រីខកំប៉ុងប្រមាណជា ១០ ម៉ឺនកេសៗ ដើម្បីនឹងផ្គត់ផ្គង់ទៅដល់ក្រុមគ្រួសារ ដែលមានការលិចលង់ដោយជំនន់ទឹកភ្លៀង»។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា គោលដៅនៃការនាំទំនិញដំបូងពីម៉ាល់ឌីវមកកាន់កម្ពុជាគឺប្រហែលជាត្រីខកំប៉ុង ហើយមិនមែនតែប្រជាជនកម្ពុជា មានតម្រូវការប៉ុណ្ណោះទេ តែអ្នកទេសចរបរទេសនានា ក៏អាចមានតម្រូវការដែរ៕EB