ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ទោះបីជាមានអ្នកចំអកក៏ដោយ តែសម្ដេចនៅតែនិយាយថា ការអភិវឌ្ឍរបស់កម្ពុជា នៅតែដើរក្នុងជំហានគីង្គក់ដដែល តែទោះជំហានគីង្គក់យឺត តែនៅតែអាចបន្តទៅមុខរហូត។

ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ ៧ នាព្រឹកថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការអភិវឌ្ឍរបស់កម្ពុជា នៅតែដើរក្នុងជំហានគីង្គក់ដដែល តែទោះជំហានគីង្គក់វាយឺត តែវានៅតែបន្តទៅមុខរហូត។  

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ ខ្ញុំនៅតែនិយាយថា យើងដើរក្នុងជំហានគីង្គក់ដដែល បើទោះបីអ្នកខ្លះចំអកឲ្យខ្ញុំថា ប្រើប្រាស់ជំហានគីង្គក់ ក៏ប៉ុន្តែបងប្អូនដឹងហើយថា គីង្គក់ ទោះបីវាយឺត ក៏ប៉ុន្តែវានៅតែទៅមុខ លើកលែងតែឡានកិនវាតែប៉ុណ្ណឹងទេ វាទៅវាមិនរួច»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចំពោះដំណើរការអភិវឌ្ឍជំហានយក្សមហាលោតផ្លោះ ក្នុងសម័យខ្មែរក្រហមកន្លងមក បានបណ្ដាលឲ្យបាត់បង់ប្រជាជនកម្ពុជាជាង ៣លាននាក់។ តែមកដល់ពេលនេះ កម្ពុជា បាននិងកំពុងស្ដារអភិវឌ្ឍប្រទេសបន្តិចម្ដងៗ និងជាបន្តបន្ទាប់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ