សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យស្ថាប័ននានា រដ្ឋបាលរាជធានី-ខេត្ត ត្រូវបង្កើតឆានែល តេឡេក្រាម ដើម្បីផ្សាយព័ត៌មានបានលឿន
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើឱ្យស្ថាប័ននានា ទាំងរដ្ឋបាលរាជធានី ខេត្ត ត្រូវបង្កើតឆានែល តេឡេក្រាម (Chanel telegram) ព្រោះងាយស្រួលក្នុងការផ្សព្វផ្សាយ ហើយងាយស្រួលសម្តេចបញ្ចូលផ្សព្វផ្សាយបន្តទៅឆានែល សម្តេចបាន ដោយមានមនុស្សច្រើនម៉ឺននាក់ចូលមើល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «យើងមាន Chanel តេឡេក្រាម គឺងាយណាស់ ប្រសិនបើមានព័ត៌មានក្លែងក្លាយណាកើតឡើង យើងត្រូវបំភ្លឺភ្លាម ដោយអាចយកតេឡេក្រាមប្រើការបំភ្លឺបានលឿន»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត បង្កើតឆាណលផ្ទាល់ខ្លួនផងដែរ។ សម្តេចតេជោ បានលើកឡើងថា បើសិនជាឃើញមានសកម្មភាពល្អ សម្តេចនឹងបញ្ជូនព័ត៌មានោះ ចូលទៅក្នុងឆាណលរបស់ថេឡេក្រាម របស់សម្តេចតែម្តង។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឆាណលរបស់ថេឡេក្រាម របស់សម្តេចតេជោ ដែលមានឈ្មោះថា «Prime Minister Hun Sen» មានអ្នកតានដាន ៤៤៥,០៦៧នាក់។ ចំនួននេះ ជាប់ចំណាត់ថ្នាក់លេខ២ តាមពីក្រោយប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន ដែលមានអ្នកតាមដានជិត ១លាននាក់។ បើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ការបង្កើតឆាណលរបស់តេឡេក្រាម ក៏រួមចំណែកប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយផងដែរ៕