ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជា មិនទាន់មានលទ្ធភាពបញ្ចប់សង្គ្រាម កូវីដ-១៩ ឡើយ ព្រោះមិនទាន់មានប្រទេសណាមួយ ដែលគ្មានការឆ្លងជំងឺកូវីដ-១៩។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ទោះបីកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង ប៉ុន្ដែលើកចិត្តឲ្យមានការពាក់ម៉ាស់។

សម្ដេចតេជោ មានប្រសាសន៍ថា «អ្វីទៅដែលហៅថា ៣កុំ ៣ការពារ ហើយបើ ៣កុំ ៣ការពារ ក្នុងនោះកុំពាក់ម៉ាស់ គឺជាបញ្ហាទីមួយត្រូវបានដក ប៉ុន្ដែសូមបញ្ជាក់ថា ខ្ញុំតែចាត់ទុកថា ៣កុំ ៣ការពារ នូវជាវិធានការចាំបាច់»។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ នាពេលបច្ចុប្បន្ននេះ បានពាក់ម៉ាស់ ខណៈ សម្ដេច សង្កេតឃើញថា ប្រជាពលរដ្ឋកម្ពុជាប្រមាណជាង ៦០ភាគរយ បានបន្ដពាក់ម៉ាស់ នៅពេលធ្វើដំណើរតាមដងផ្លូវ។ សម្ដេច ចាត់ទុកថា ទាំងនេះជាចំណុចល្អ មិនមែន មិនពាក់ម៉ាស់ជាការគោរព សម្ដេច ឡើយ ហើយសម្ដេច លើកទឹកចិត្តឲ្យបន្ដពាក់ម៉ាស់។

សម្ដេចតេជោ បន្ដថា ប្រជាពលរដ្ឋមានយល់ដឹងច្រើនអំពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩។ សម្ដេច ថា កម្ពុជា មិនទាន់យកឈ្នះសង្គ្រាមកូវីដ-១៩ ទាំងអស់ឡើយ គ្រាន់តែយកឈ្នះបញ្ហាតូចៗ នោះឯង។ ដូច្នេះវិធានការគ្រប់ជំងឺកូវីដ-១៩ ត្រូវធ្វើបន្ដ។ 

សម្ដេចតេជោ បញ្ជាក់ថា «យើងមិនទាន់មានលទ្ធភាពបញ្ចប់សង្គ្រាមនេះទេ (សង្គ្រាមកូវីដ) ដោយសារអី? នៅលើពិភពលោក មិនទាន់មានប្រទេសណាមួយ ដែលគ្មានការឆ្លងនៅឡើយទេ លើកលែងកូរ៉េខាងជើង ដែលយើងមិនអាចដឹងបាន តើថាមាន ឬអត់? ប៉ុន្ដែប្រទេសនៅលើពិភពលោកនៅមាននៅឡើយ បើមានកូវីដនៅឡើយ លទ្ធភាពនៃការបន្ដមានកូវីដនៅក្នុងប្រទេសយើង ក៏នៅមានបន្ដដែរ»។

សម្ដេចតេជោ បន្ថែមថា កម្ពុជា បានធ្វើតាមដំណាក់កាលនីមួយៗ នៃគ្រប់គ្រងជំងឺកូវីដ-១៩ ទោះកម្ពុជា បានដកកាតព្វកិច្ចពាក់ម៉ាស់។ សម្ដេច ណែនាំឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ហើយភាគីពាក់ព័ន្ធត្រូវបន្ដតាមដោយប្រុងប្រយ័ត្នបំផុតចំពោះបញ្ហាជំងឺកូវីដ-១៩៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ