ភ្នំពេញ ៖ ក្រោយកម្ពុជាទទួលបានជោគជ័យធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា បើមិនមានចំណែកនៃគំនិតផ្តួចផ្ដើម ខ្សែក្រវាត់ និងផ្លូវទេ កម្ពុជាពុំមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតស៊ីហ្គេមឡើយ។ 

ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងផ្ដល់ប្រយោជន៍ដល់ប្រទេសជាសមាជិ  ហើយមិនបានគំរាមកំហែងដល់ប្រទេសណាមួយនោះឡើយ។

 សម្ដេច មានប្រសាសន៍ថា «បើនិយាយគ្រាន់តែស៊ីហ្គេម ដែលយើងទើបបិទបញ្ចប់ជោគជ័យនេះ បើមិនមានចំណែក នៃគំនិតផ្តួចផ្ដើម ខ្សែក្រវាត់ និងផ្លូវទេ យើងពុំមានមូលដ្ឋានគ្រប់គ្រាន់ ដើម្បីនិងប្រកួតស៊ីហ្គេមនោះទេ។ ខ្ញុំ បាននិយាយច្រើនលើកហើយ រាប់ទាំងពេលបើក ទាំងពេលបិទ ដែលខ្ញុំ សូមអរគុណចំពោះសាធារណៈរដ្ឋប្រជាមានិតចិន រដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជួយកសាងស្ដាតមួយសម្រាប់យើង ធ្វើកម្មវិធីបិទ បើក និងការប្រកួត ប៉ុន្ដែមិនចប់ត្រឹមនឹងទេ ស្តាតនោះអាចប្រើបាន ១០០ឆ្នាំទៀត តកូន តចៅ»។

សម្ដេចតេជោ បន្ដថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឲ្យប្រទេសកម្ពុជាក្លាយជាសមាជិកគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ របស់ចិន រួមមាន ៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន។

លើសពីនេះ សម្ដេចតេជោ ក៏បានអបអរសាទរចំពោះខួប ១០ឆ្នាំ នៃការបង្កើតទំនាក់ទំនងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវនៅកម្ពុជា។ ចំពោះខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងនៃមិត្តភាពកម្ពុជា-ចិន សម្ដេច បានខិតខំប្រឹងប្រែងរហូតបង្កើតបាននូវមិត្តភាពដៃគូអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ ក្លាយជាមិត្តភាពដែកថែម ហើយឈានមកដល់ពេលនេះ ឈានដល់ការបង្កើតទំនាក់ទំនងត្បូងពេជ្របន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ