សម្ដេចតេជោ ហ៊ុន សែន ក្រើនរំលឹកនិស្សិតខ្មែរកំពុងសិក្សានៅឡាវ កុំជឿតាមការបោកបញ្ឆោតពីជនអគតិ ដែលបំភ្លៃការពិតពីការរីកចម្រើនរបស់កម្ពុជា
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកដល់និស្សិតខ្មែរកំពុងសិក្សានៅប្រទេសឡាវ កុំជឿតាមការបោកបញ្ឆោតពីជនអគតិមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចំរើនរបស់ ប្រទេសកម្ពុជា។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជា កំពុងសិក្សានៅឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ដែលសិក្សានៅក្រៅប្រទេស តួយ៉ាងដូចជានិស្សិកំពុងសិក្សានៅក្នុងប្រទេសឡាវ ត្រូវខិតខំសិក្សារៀនសូត្រឲ្យបានគត់មុតបំផុត ដើម្បីនាំយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិជាទីស្រឡាញ់របស់យើង ឲ្យអស់ពីសមត្ថភាព។
សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវខិតខំធ្វើនូវអំពើល្អ ត្រូវមានទំនាក់ទំនងល្អជាមួយសាស្រ្តចារ្យ និស្សិតនិងនិស្សិត ពិសេសត្រូវធ្វើនូវអំពើល្អជាមួយនិងប្រជាជនឡាវ ចូលរួមការងារសង្គម និងចេះជួយយកអាសាគ្នា ពោលគឺពេលដែលយើងរស់នៅជាមួយគ្នាឲ្យគេស្រឡាញ់ ពេលយើងចាកចេញពីគ្នាឲ្យគេនឹករលឹក។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «ក្រើនរំលឹកដល់និស្សិតទាំងអស់ ត្រូវចេះតាមដានពីសភាពការណ៍វិវត្តន៍របស់ពិភពលោក និងសភាពការណ៍ក្នុងប្រទេស ពិសេសត្រូវតាមដាននិងស្តាប់ពីអ្វីដែលរីកចំរើនពិតប្រាកដ កុំជឿតាមការបោកបញ្ឆោតពីជនអគតិមួយចំនួន ដែលបំភ្លៃការពិតពីការដឹកនាំ និងការរីកចំរើនរបស់ ប្រទេសកម្ពុជា»៕EB